អូស្ត្រាលី បោះបង់ការផលិតវ៉ាក់សាំងកូវីដ ក្រោយលទ្ធផលតេស្ដបង្ហាញវិជ្ជមានវីរុសហ៊ីវ

  • 2020-12-11 03:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការផលិត​វ៉ាក់សាំង​កូវី​ដ​១៩ នៅ​អូស្ត្រាលី​ត្រូវ​បាន​បោះបង់ចោល​នៅ​ថ្ងៃ​សុក្រ​ទី ១១ ធ្នូ នេះ​បន្ទាប់​ពី​ការសាកល្បង​ព្យាបាល​បាន​បង្កើត​លទ្ធផល​វិជ្ជមាន​វីរុស​ហ៊ី​វ​មិន​ពិត​ក្នុង​​ចំណោម​អ្នក​ដែល​ចូលរួម​ក្នុង​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ដំបូង​។​

លោក ស្កុត ម៉ូ​រី​សុន នាយករដ្ឋមន្ត្រីនៃ​ប្រទេស​អូស្ត្រាលី បាននិយាយថាលទ្ធផល​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​ទិញ​វ៉ាក់សាំង​នេះ​រាប់​លាន​ដូស ហើយ​ជំនួស​មកវិញ​គឺ​បង្កើន​ការបញ្ជា​ទិញ​វ៉ាក់សាំង​ផ្សេង​ពី​ក្រុមហ៊ុន AstraZeneca និង Novax ។​

​លោក ម៉ូ​រី​សុន បញ្ជាក់​ថា “​វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ​ឃ្វី​ន​ស៍លែ​ន​នឹង​មិន​អាច​បន្ត​ទៅមុខ​ទៀត​បានឡើយ ដោយ​ផ្អែក​លើ​ដំបូន្មាន​វិទ្យាសាស្ត្រ​ហើយ​វា​នឹង​លែង​ជា​ផ្នែក​មួយ​នៃ​ផែនកា​រទិញ​វ៉ាក់សាំង​​របស់​អូស្ត្រាលី​ទៀត​ដែរ​”​។​

​​លោក ហ្គ្រេ​ក ហា​ន់ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អូស្ត្រាលីថា បេក្ខជន​វ៉ាក់សាំង ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​១ ​នៃ​ការសាកល្បង​នៅ​សាកលវិទ្យាល័យ​ឃ្វី​ន​ស៍លែ​ន​បាន​ប្រើប្រាស់​បរិមាណ​ប្រូតេអ៊ីន​​របស់​វីរុស​ហ៊ី​វ​តិចតួច​សម្រាប់​ជា “​ម៉ូលេគុល​បង្គំ​” ប៉ុន្តែ​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អង្គ​បដិ​ប្រាណ ដែល​អាច​រំខាន​ដល់​ការតាមដាន​រក​មេរោគ​ហ៊ី​វ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​លោក ប្រេន​ដាន់ មឺ​ហ្វី បញ្ជាក់​ថា ទោះបីជា​វ៉ាក់សាំង​នេះ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុង​ការបង្ក្រាប​កូវី​ដ​១៩ និង​គ្មាន​ឱកាស​ចម្លង​ហ៊ី​វ​ក៏ដោយ​ក៏ប៉ុន្តែ​ការអភិវឌ្ឍ​វ៉ាក់សាំង​​ត្រូវតែ​បោះបង់ចោល​ដោយសារ​ការបារម្ភ​ថា វា​អាច​ធ្វើឱ្យ​អន្តរាយ​ដល់​ទំនុកចិត្ត​សាធារណៈ​ក្នុង​ការចាក់​វ៉ាក់សាំង​៕

ប្រភព៖ rasmeinews

អត្ថបទថ្មី
;