អាយុទើបតែ៣០ស្ដើងទេ តែ Lee Jong Suk មានទ្រព្យសម្បត្តិ៥០លានដុល្លារ
- 2020-12-15 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុទើបតែ៣០ស្ដើងទេ តែ Lee Jong Suk មានទ្រព្យសម្បត្តិ៥០លានដុល្លារ
ចន្លោះមិនឃើញ
ទោះបីជាទើបតែឈានជើងចូលសិល្បៈបានត្រឹមតែ ១០ឆ្នាំក៏ដោយ តែដោយសារតែល្បីឈ្មោះលឿន តារាសម្ដែងប្រុសជួរមុខកូរ៉េ Lee Jong Suk សន្សំលុយបានយ៉ាងច្រើនលើសលប់ទាំងមានវ័យក្មេងខ្ចី។ កំពូលតារាសម្ដែងប្រុសកូរ៉េ Lee Jong Suk ចាប់ផ្ដើមចូលបំពេញភារកិច្ចកងទ័ព កាលពីខែមីនា ឆ្នាំ២០១៩។
បើតាមការគ្រោងទុក នៅខែមករា ដើមឆ្នាំក្រោយ ប្រុសស្អាតរូបនេះ នឹងចេញមកវិញ។ ទោះបីជាមិនទាន់ចេញមកពីជួរកងទ័ពក៏ដោយ តែតារាប្រុសរូបនេះ ត្រូវបានផលិតករទទួលដៃ១០ ដោយនៅពេលលោកចេញមកវិញភ្លាម លោកនឹងសម្ដែងតួឯកក្នុងភាពយន្តឈ្មោះ The Witch: Part 2។
យោងតាមបណ្ដាញព័ត៌មាន SCMP ប្រុសស្អាតកើតឆ្នាំ ១៩៨១នេះ ស្ថិតក្នុងចំណោមតារាដែលមានតម្លៃខ្ពស់ជាងគេ ដោយក្នុងរឿង១ភាគ លោកទទួលបានកម្រៃខ្លួន ៥ម៉ឺនដុល្លារ ពោលគឺស្មើជាមួយនឹងកំពូលតារាសម្ដែងប្រុស Song Joong Ki និង Ji Chang Wook។
នៅក្នុងរឿងភាគថ្មីបំផុតរបស់ខ្លួន ប្រុសស្អាតនេះទទួលតម្លៃខ្លួនសរុប ៨០ម៉ឺនដុល្លារ សម្រាប់រឿង ១៦ភាគ។ ប្រភពដដែលបានឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់ប្រុសស្អាតសាច់សខ្ចីនេះគឺ ៥០លានដុល្លារ។
SCMP បានបន្ថែមថា ក្រៅពីចំណូលខ្ពស់កប់ពពកបានមកពីការសម្ដែងរឿងនោះ Lee Jong Suk គឺជាសេដ្ឋីអចលនទ្រព្យដ៏ពិតប្រាកដម្នាក់។ ដោយកាលពីឆ្នាំ ២០១៦ លោកចំណាយលុយ ៣.៤លានដុល្លារ ដើម្បីទិញផ្ទះមួយខ្នងនៅ Sinsa Dong។ មុនពេលបំពេញភារកិច្ចកងទ័ព លោកទិញផ្ទះនៅខុនដូ Nine One Hannam ដែលមានតម្លៃ ៤.៣លានដុល្លារ។ ក្រៅពីនេះក៏មានអចលនទ្រព្យជាច្រើនកន្លែងទៀត ដែលលោកមិនបញ្ចេញជាសាធារណៈ៕