ទិនហ្វី បែកពីគូស្នេហ៍ចាស់ មិនមែនព្រោះរឿងលើគ្រែជាមួយស្រីផ្សេងទេ តែដោយសារ...
- 2020-12-21 00:11:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិនហ្វី បែកពីគូស្នេហ៍ចាស់ មិនមែនព្រោះរឿងលើគ្រែជាមួយស្រីផ្សេងទេ តែដោយសារ...
ចន្លោះមិនឃើញ
តារាហុងកុងជើងចាស់ Stephen Chow ឬហៅថា ទិនហ្វី ធ្លាប់សាងចំណងស្នេហ៍ជាមួយអតីតតារាស្រីម្នាក់ឈ្មោះ Anthena Chu ក្រោយថតរឿងរួមគ្នាមួយមានចំណងជើងថា Fight Back to School II ក្នុងឆ្នាំ១៩៩២។ ភ្លើងស្នេហ៍នេះមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះក៏ត្រូវរលត់សូន្យឆឹងតែម្ដង។
យ៉ាងណាមិញ ច្រើនឆ្នាំកន្លងទៅ ស្រាប់តែថ្មីៗនេះមានអ្នកកាសែតហុងកុងជើងចាស់ម្នាក់មិនបញ្ចេញឈ្មោះ បានបកស្រាយការពិតពីរឿងដែលគេចោទប្រកាន់ទិនហ្វី។ អ្នកកាសែតរូបនោះ បានរៀបរាប់ថា ទិនហ្វីមានភាពស្មោះត្រង់នឹង Anthena ណាស់ ហើយរឿងបែកគ្នាអត់មានទាក់ទិនជាមួយ Karen Mok ឡើយ។ អ្វីដែលញ៉ាំងឲ្យគូស្នេហ៍នេះព្រាត់គ្នាគឺព្រោះរឿងបណ្ដឹង៧ឆ្នាំមិនបានសម្រេចក្នុងការធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដារបស់តារាសម្ដែងទិនហ្វី។
ទិនហ្វីបានដាក់ពាក្យសុំធ្វើអន្តោប្រវេសន៍ទៅរស់នៅកាណាដា ក្នុងឆ្នាំ១៩៩៣ តែត្រូវបដិសេធ ព្រោះរឿងចោទប្រកាន់ថាលោកមានជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ឲ្យក្រុមឧក្រិដ្ឋជនតាមរយៈការថតខ្សែភាពយន្ត។ ការដាក់ពាក្យម្ដងទៀតរបស់ទិនហ្វីនៅឆ្នាំ១៩៩៦ក៏ត្រូវបានច្រានចោលដូចគ្នា ហើយនៅឆ្នាំ២០០១ ការប្ដឹងឧទ្ធរណ៍របស់តារារូបនេះក៏បរាជ័យផងដែរ។
អ្នកកាសែតជើងចាស់រូបនោះ មិនបានផ្ដល់ព័ត៌មានលម្អិតថាហេតុអ្វីបានជារឿងមិនអាចទៅរស់នៅកាណាដាប៉ះពាល់ដល់ទំនាក់ទំនងស្នេហាទិនហ្វីយ៉ាងណានោះទេ។ ប៉ុន្តែលោកបាននិយាយថា បើពេលនោះទិនហ្វីជោគជ័យលើការស្នើសុំអន្តោប្រវេសន៍ទៅនៅក្រៅប្រទេស នោះអ្នកទាំង២នឹងអាចបង្កើតគ្រួសារមួយដ៏ធំជុំគ្នាបាត់ទៅហើយ។
គួររំលឹកថា មិនថាតែទិនហ្វី ឬ Anthena ទេ គឺពួកគេមិនដែលបកស្រាយប្រាប់ពីមូលហេតុបែកគ្នាឲ្យគេដឹងឡើយ ពោលគឺរក្សាភាពស្ងៀមស្ងាត់យ៉ាងជិតមកទល់នឹងសព្វថ្ងៃ៕