រឿងទិញវ៉ាក់សាំងកូវីដ! ប្រទេសអាស៊ានមួយនេះ ធ្វើដូចកម្ពុជាដែរ
- 2020-12-23 04:06:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទិញវ៉ាក់សាំងកូវីដ! ប្រទេសអាស៊ានមួយនេះ ធ្វើដូចកម្ពុជាដែរ
ចន្លោះមិនឃើញ
ឡាវ នឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមរយៈស្ថាប័ន COVAX ហើយគ្រោងចាក់ឱ្យប្រជាជនខ្លួន នៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Vientiane Times នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំមួយកាលពីថ្ងៃ២២ ខែធ្នូ លោកនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត បានថ្លែងថា វ៉ាក់សាំងកូវីដ១៩ នឹងត្រូវផ្តល់ឱ្យដោយប្រទេសជាមិត្ត និងអង្គការអន្តរជាតិ។ ជាមួយគ្នានោះ លោកបានបញ្ជាឱ្យត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីឱ្យប្រជាជនឡាវ បានទទួលចាក់គ្រប់គ្នា។
គិតមកត្រឹមព្រឹកថ្ងៃទី២៣ធ្នូ ឡាវមានករណីឆ្លងកូវីដ១៩សរុប ៤១នាក់ ក្នុងនោះជាសះស្បើយ ៣៧នាក់។
គួររំលឹកដែរថា សម្រាប់កម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់កាលពីសប្តាហ៍មុនថា កម្ពុជានឹងទិញវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ក្នុងនោះគឺទិញវ៉ាក់សាំងតាមរយៈស្ថាប័ន COVAX។
យ៉ាងណាមិញ COVAX អាចផ្តល់វ៉ាក់សាំងឱ្យប្រទេសនីមួយៗតែ ២០%ប៉ុណ្ណោះនៃប្រជាជនសរុបក្នុងប្រទេសនោះ ហើយតម្រូវឱ្យមានថវិកាបដិភាគ ៥%៕