សិង្ហបុរី-កម្ពុជា នឹងរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ
- 2020-12-23 07:37:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី-កម្ពុជា នឹងរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ
ចន្លោះមិនឃើញ
លោក Michael Tan Keng Siong អគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សិង្ហបុរី និងកម្ពុជានឹងរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផងដែរ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កម្ពុជា និងសិង្ហបុរី ជាមិត្តជិតស្និត ហើយតែងតែរួមសហការគ្នាដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់វេទិកាទាំងអស់ ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗទៀតជាដើម។ លោកក៏បានបន្ថែមថា កន្លងមក ក្រសួងពាណិជ្ជកម្ម ក៏បានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមកផងដែរ។
លោកអគ្គរដ្ឋទូតសិង្ហបុរី បានសង្កត់ធ្ងន់ថា កម្ពុជា និងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរសេដ្ឋកិច្ចដូចគ្នា។ លោកក៏បានស្នើសុំ លោករដ្ឋមន្រ្ដីបន្ដការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយនឹង ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលមកកាន់អណត្តិថ្មី ដែលលោករដ្ឋមន្រ្ដី បានជម្រាប់លោកវិញថា នឹងបន្ដសហការជាមួយអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាថ្មី ដោយក្រសួងពាណិជ្ជកម្មកន្លងមក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសសិង្ហបុរីកន្លងមក ដើម្បីជុំរុញកិច្ចសហប្រតិបត្តទ្វេភាគីរវាងប្រទេសទាំងពីរបន្ដទៀត៕
ប្រភព៖ ដីក្រសួងពាណិជ្ជកម្ម