កំពូលទូរសព្ទទាំង ៥សាកថ្មលឿនដាច់គេ លេខ១ប្រើពេលតែ ២១នាទីសាកពេញ
- 2020-12-28 07:48:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលទូរសព្ទទាំង ៥សាកថ្មលឿនដាច់គេ លេខ១ប្រើពេលតែ ២១នាទីសាកពេញ
ចន្លោះមិនឃើញ
បច្ចេកវិទ្យាសាកថ្មលើស្មាតហ្វូនទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងក្នុងឆ្នាំ ២០២០ នេះ ដោយមានស្មាតហ្វូនភាគច្រើនមានបច្ចេកវិទ្យាសាកថ្មដល់ 65W និងស្មាតហ្វូនខ្លះកម្លាំងសាកដល់ 120W ក៏មាន។ ៥ម៉ូដែលខាងក្រោមនេះជាស្មាតហ្វូនដែលសាកថ្មលឿនជាងគេបំផុត ៖
១. Xiaomi Mi 10 Ultra ៖ ២១នាទី
Mi 10 Ultra ដែលប្រើបច្ចេកវិទ្យាសាកថ្ម 120W ប្រើពេលត្រឹម ៥នាទី អាចសាកថ្មបានពី ០% ដល់ ៤១% ហើយចំណាយពេល ២១នាទី ដើម្បីសាកបំពេញពី ០% ឡើងដល់ ១០០% ចំពោះថ្មទំហំ ៤៥០០mAh របស់វា។ បន្ថែមពីនេះវាក៏មានបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែកម្លាំង 50W អាចសាកត្រឹម ៤០នាទី និងបច្ចេកវិទ្យា Wireless Reverse Charging កម្លាំង 10W។
២. realme X50 Pro ៖ ៣៣នាទី
X50 Pro របស់ realme មានបច្ចេកវិទ្យាសាក SuperDart ដែលមានកម្លាំង 65W ឯណោះ។ ការធ្វើតេស្តបង្ហាញថា X50 Pro ប្រើពេលត្រឹម ៣៣នាទី អាចសាកថ្មទំហំ ៤២០០mAh របស់វាបានពី ០% ដល់ ១០០% ដែលលឿនជាងការប្រកាសរបស់ realme (៣៥នាទី)។ យ៉ាងណាក្ដីវាមិនមានគាំទ្រការសាកថ្មឥតប្រើខ្សែទេ។
៣. OPPO Find X2 Pro ៖ ៤៣នាទី
OPPO Find X2 Pro ដែលមានទំហំថ្ម ៤២៦០mAh អាចសាកថ្មពី ០% ដល់ ១០០% ដោយប្រើពេល ៤៣នាទី ដោយសារវាមានបច្ចេកវិទ្យាសាកថ្ម Super VOOC 2.0 កម្លាំង 65W។ OPPO បានអះអាងថាវាប្រើពេលត្រឹម ៣៨នាទីដើម្បីសាកពេញ ប៉ុន្តែការធ្វើតេស្តរបស់ Android Authority បង្ហាញថាវាត្រូវការពេល ៥នាទីបន្ថែមទៀត។
៤. Xiaomi Mi 10 Pro ៖ ៤៦នាទី
Mi 10 Pro ប្រើបច្ចេកវិទ្យាសាកកម្លាំង 50W ដែលអាចសាកថ្មទំហំ ៤៥០០mAh បានដល់ ១០០% ដោយប្រើពេលត្រឹម ៤៦នាទី បើតាមការធ្វើតេស្តរបស់ Android Authority។ រយៈពេលសាកនេះគឺលឿនជាងការប្រកាស Xiaomi ដែលថាការសាកពី ០% ដល់ ៥០% ប្រើពេល ១៥នាទី និងការសាកពី ០% ដល់ ៨៣% ប្រើពេល ៤៥នាទី។
៥. Huawei Mate 40 Pro ៖ ៤៩នាទី
ការសាកល្បងជាក់ស្ដែងបង្ហាញថាថ្ម ៤៤០០mAh របស់ Huawei Mate 40 Pro ប្រើពេលត្រឹម ៤៩នាទីអាចសាកបានពេញ ដោយសារវាប្រើបច្ចេកវិទ្យាសាកកម្លាំង 66W។ ក្រៅពីនេះហើយ Mate 40 Pro ក៏មានបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែកម្លាំង 50W និង Wireless Reverse Charging កម្លាំង 5W ផងដែរ៕