​ស្ងាត់ៗ! កងសន្តិសុខ​​ប្រធានាធិបតី​ហ្វីលីពីន ចាក់​វ៉ាក់សាំងកូវីដរបស់​ក្រុមហ៊ុនចិន​រួច​បាត់

  • 2020-12-29 07:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិក​ក្រុមសន្តិសុខ​របស់​លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាន​ទទួលចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ របស់ក្រុមហ៊ុនចិនរួចស្រេច បើទោះបីជាប្រទេសនេះ ពុំទាន់​អនុញ្ញាតឱ្យប្រើប្រាស់​វ៉ាក់សាំងមួយណាក៏ដោយ។ នេះបើតាមការប្រកាស​របស់​ប្រធានក្រុមសន្តិសុខ​នេះ គឺ​លោក Jesus Durante ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ពីចំនួន​សន្តិសុខ​ដែលទទួលចាក់វ៉ាក់សាំងនេះទេ។

ចំពោះ​សំណួរថាតើលោក Duterte បាន​ចាក់វ៉ាក់សាំងរួចហើយដែរឬនៅ? លោក Durante បញ្ជាក់​ថា លោក Duterte កំពុងរង់ចាំ​ពេលវេលាសមស្រប​ក្នុងការចាក់វ៉ាក់សាំងនេះ។

បើតាមលោក Harry Roque ដែលជា​អ្នក​នាំពាក្យ​ប្រធានាធិបតី បាន​ឱ្យដឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm ត្រូវបាន​ផ្តល់ជូន​ទាហាន ក្នុងនោះទាហាន​មួយចំនួន​ត្រូវបានជ្រើសរើស​សម្រាប់ចាក់វ៉ាក់សាំងនេះ។

លោក Roque បាន​អះអាងថា កុំឱ្យបារម្ភ​អំពីសុវត្ថិភាព​នៃវ៉ាក់សាំងក្រុមហ៊ុននេះ ហើយថាវា​ជាក្តីសង្ឃឹមចំពោះ​ប្រជាជន​ហ្វីលីពីន។ «ព័ត៌មាន​ដែលផ្តល់ជូននេះគឺថា វ៉ាក់សាំងគឺបានមកដល់ទីនេះរួចទៅហើយ ប្រសិន​បើ​យើងមិនទទួលបានវ៉ាក់សាំងពីលោកខាងលិចទេ មិត្តភក្តិរបស់យើង និង​ប្រទេសចិន មានឆន្ទៈ ក្នុងការផ្តល់​មកឱ្យយើង»។

លោកបន្តថា ទោះបីមិនទទួលបាន​ការយល់ព្រមពី​រដ្ឋបាល​ឱសថ និងចំណីអាហារ​ហ្វីលីពីន (FDA)ក៏ដោយ ប៉ុន្តែការចាក់វ៉ាក់សាំងនេះ គឺមិនខុសច្បាប់ទេ លើកលែងតែការចែកចាយ និងលក់តែប៉ុណ្ណោះ​ដែលខុសច្បាប់។

សូមជម្រាប​ថា ហ្វីលីពីន កំពុងចរចា​ជាមួយ​ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួនដូចជា AstraZeneca របស់​អង់គ្លេស, Pfizer របស់​អាមេរិក និង Sinopharm របស់​ចិន ដើម្បីទិញឱ្យបាន ៦០លានដូស ត្រឹមត្រីមាសទី២ ឆ្នាំ២០២១។

យ៉ាងណាមិញ FDA ហ្វីលីពីន បានព្រមានកាលពីម្សិលមិញថា ការចាក់វ៉ាក់សាំងដែលមិនទាន់ទទួលបានការអនុញ្ញាត គឺ​មាន​ហានិភ័យខ្ពស់​ដោយសារ​គ្មានការធានាពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព៕

ប្រភព៖ France24

អត្ថបទថ្មី
;