សត្វស្វា ២ក្បាលដែលសន្លប់ ពេលចាប់នៅប្រាសាទបាយ័នបានដឹងខ្លួនវិញហើយ
- 2020-12-30 04:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វស្វា ២ក្បាលដែលសន្លប់ ពេលចាប់នៅប្រាសាទបាយ័នបានដឹងខ្លួនវិញហើយ
ចន្លោះមិនឃើញ
លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន ១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា ៖ “ការចាប់ស្វាកាចៗទាំងនេះ គឺដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ និងរុញ ឬកាយ ឱ្យជ្រុះនូវថ្មប្រាសាទ ទម្លាក់ចុះក្រោម និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។
លោកបានបន្តថា ក្រុមការងារនឹងចាប់យកចេញតែស្វាកាចៗប៉ុណ្ណោះ គឺមិនធ្វើឡើងចំពោះសត្វស្វាទាំងអស់នោះទេ ហើយខ្ញុំក៏សុំច្រានចោលទាំងស្រុង នៅរូបភាពសត្វស្វារងរបួសដែលត្រូវបានចែកចាយ និងផ្សព្វផ្សាយ ដែលតាមពិតគឺស្វារងរបួសនេះ បានរងរបួសដោយត្រូវម៉ូតូបុក ហើយក្រុមអ្នកថតដាក់យូធូប បានថតនៅពេលកាលពីពេលកន្លងយូរដែរមកហើយ និងបានផ្សព្វផ្សាយនៅលើបណ្តាញយូធូបផងដែរ”។
គួររម្លឹកថា ការចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរា មានទាំងអ្នកគាំទ្រ និងអ្នករិះគន់ នៅពេលដែលមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចាប់ប្រមូលសត្វស្វាកាចៗទាំងនោះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ជាក់ស្តែងនៅពេលដែលមន្រ្តីជំនាញកំពុងតែធ្វើការចាប់សត្វស្វាទាំងនោះ ឃើញមានក្រុមអ្នកថតសត្វស្វាបង្ហោះក្នុងយូធូប (Youtube) នៅតំបន់អង្គរជាច្រើននាក់បានសម្តែងការមិនសប្បាយចិត្ត។
ដោយឡែក ក្រុមអ្នកថតសត្វស្វាបង្ហោះក្នុងយូធូបនៅតំបន់អង្គរនេះបានឱ្យដឹងថា បានគាំទ្រចំពោះការចាប់យកសត្វស្វាកាចៗចេញពីតំបន់អង្គរនេះ ប៉ុន្តែមានការអាណិតសត្វស្វាទាំងនេះ ព្រោះបើវាធ្លាក់មក ហើយចំថ្ម អាចនឹងរបួស ឬស្លាប់។ ក្រុមអ្នកថតនោះ បានបន្ថែមថា តាមពិតទៅសត្វស្វាកាចគឺមិនមែនស្វាដែលធ្លាប់រស់នៅតំបន់អង្គរនោះទេ គឺជាស្វាដែលពលរដ្ឋយកមកព្រលែង ហើយស្វាទាំងនោះមានទម្លាប់មិនល្អដូចស្វានៅតំបន់អង្គរ នោះទេ។ ប៉ុន្តែបានបដិសេធថា ស្វាកាចគឺដោយសារតែក្រុមពួកគាត់អ្នកថតរូប។ ផ្ទុយទៅវិញពួកគាត់តែងតែ ផ្តល់ចំណីឱ្យពួកវាទៅវិញទេ។
លោក ឡុង កុសល បានបញ្ជាក់បន្ថែមថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស គឺតាមរយៈក្រុមដែលថតដាក់យូធូបនេះ ហើយបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ ប្រការនេះចាំបាច់ត្រូវតែយកចេញដើម្បីបញ្ចៀសបញ្ហាផ្សេងៗនាពេលអនាគត។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ៕
ប្រភព៖ AKP