ឡាវ ចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យប្រជាជនគេបាត់
- 2021-01-04 02:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាវ ចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យប្រជាជនគេបាត់
ចន្លោះមិនឃើញ
គ្រូពេទ្យជួរមុខមួយចំនួននៃប្រទេសឡាវ ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយដែលវ៉ាក់សាំងនេះជារបស់ក្រុមហ៊ុនចិន Sinopharm ដោយបានផ្តល់ជូនឡាវ ២ពាន់ដូស។ នេះបើតាមការបញ្ជាក់របស់លោក Bounkong Syhavong រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោកអះអាងថា ការចាក់វ៉ាក់សាំងនេះ បានបង្ហាញនូវលទ្ធផលល្អ និងមិនមាននរណាម្នាក់រងផលប៉ះពាល់សុខភាពនៅឡើយទេ។ យ៉ាងណាមិញ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិននេះ ក៏ត្រូវការចាក់ ២ដងផងដែរ។
បើតាមរដ្ឋមន្រ្តីខាងលើ វ៉ាក់សាំងនេះ នឹងបង្កើតប្រព័ន្ធសុំាប្រឆាំងនឹងវីរុសកូវីដ១៩ រយៈពេល ៣ឆ្នាំ ហើយអាចរក្សាទុកក្នុងកម្រិតសីតុណ្ហភាព ២ ទៅ ៨អង្សារសេ ពោលគឺអាចរក្សាទុកក្នុងទូរទឹកកកធម្មតាបាន។ «ចិនបានចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនរាប់លាននាក់ទៅហើយ ចេញជាលទ្ធផលល្អទៀតផង»។
សូមជម្រាបដែរថា ក្រៅពីវ៉ាក់សាំងចិន ឡាវក៏ទើបតែទទួលបានវ៉ាក់សាំងរុស្ស៊ី Sputnik V កាលពីថ្ងៃទី២ មករា ឆ្នាំ២០២១។ ឡាវក៏រំពឹងថា នឹងទទួលបានវ៉ាក់សាំងកូវីដ១៩បន្ថែមទៀតពីស្ថាប័ន COVAX ផងដែរ៕