ស្ពានជ្រោយចង្វារ ជាស្ពានឆ្លងកាត់ទន្លេសាបមុនគេនៅកម្ពុជា
- 2021-01-05 05:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានជ្រោយចង្វារ ជាស្ពានឆ្លងកាត់ទន្លេសាបមុនគេនៅកម្ពុជា
ចន្លោះមិនឃើញ
ស្ពានជ្រោយចង្វារទី១ ដែលមានប្រវែងសរុប ៧០៩ម៉ែត្រ ជាស្ពានឆ្លងកាត់ទន្លេសាបមុនគេនៅកម្ពុជា ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦A។ ស្ពាននេះ ត្រូវបានសង់ឡើងក្នុងឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្រ្តនិយម ក្រោយជំនួយបច្ចេកទេសរបស់រដ្ឋាភិបាលជប៉ុន។
ដោយសារសង្គ្រាមស៊ីវិលក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ស្ពាននេះត្រូវទទួលរងនូវការខូចខាតស្ទើរតែទាំងស្រុង។ រហូតមកដល់ឆ្នាំ១៩៩២ ស្ពាននេះត្រូវបានជួសជុលស្ដារឡើងវិញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយបានបើកឱ្យដំណើរការជាថ្មីម្ដងទៀតនៅឆ្នាំ១៩៩៦ បានក្លាយជាច្រករបៀងសេដ្ឋកិច្ចយ៉ាងសំខាន់តភ្ជាប់រាជធានីភ្នំពេញទៅ នឹងបណ្ដាខេត្តផ្សេងៗរបស់ប្រទេសកម្ពុជា។
ក្រោយមកស្ពានជ្រោយចង្វារទី១ ត្រូវបានដាក់ឈ្មោះថា « ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» ហើយស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូនទំនិញមកកាន់ទីក្រុងភ្នំពេញ ។
ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលដំណើរការជួសជុលឡើងវិញនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ចប់មុនកាលកំណត់ ហើយយកថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៩ ដាក់ឱ្យដំណើរការឡើងវិញរហូតមកដល់បច្ចុប្បន្ន៕
ប្រភព៖ Press OCM