ដឹងរឿងលម្អិត​អំពី​នារីអូតេសហ្វីលីពីន ដែលត្រូវរំលោភសម្លាប់​ហើយ

  • 2021-01-06 03:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ហ្វីលីពីន បាន​ចេញ​របាយការណ៍​បញ្ជាក់​ថា នារីអូតេស​ហ្វីលីពីនម្នាក់​ឈ្មោះ Christine Angelica Dacera គឺ​ជាជនរងគ្រោះ​ដោយការចាប់រំលោភ និង​អំពើមនុស្សឃាត ដោយ​សាកសព​របស់​នាង​រកឃើញ​នៅក្នុងសណ្ឋាគារមួយកន្លែង នៅក្រុងម៉ានីល។

សារព័ត៌មានហ្វីលីពីន Rappler នៅព្រឹក​ថ្ងៃទី៦ មករា ២០២១នេះ បាន​ចេញ​ផ្សាយ​អំពី​របាយការណ៍​របស់ប៉ូលិស​នៃឃាតកម្មនេះ​​ដែលមានខ្លឹមសារដូចខាងក្រោម៖

  • តើ​ Christine Angelica Dacera ជានរណា?

នាង​ Christine Angelica Dacera អាយុ២៣ឆ្នាំ ជានារីអូតេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន Philippine Airlines តាំងពីឆ្នាំ២០១៩។

នាង​ជាកូនទី២ ក្នុងចំណោម​បងប្អូនបង្កើត ៤នាក់​នៅក្នុងគ្រួសារ។ នាង​បានបញ្ចប់​ការសិក្សា​នៅសាកលវិទ្យាល័យ Philippines Mindanao ក្នុង​ក្រុង Davao។ នាង​ក៏ជាអ្នកសិល្បៈ​មួយរូបផងដែរ ដែល​ជាអ្នករាំ តារាម៉ូដែល និង​ចូលរួម​សម្តែង​ក្នុងកម្មវិធីផ្សេងៗ។

បើតាម​ម្តាយ​របស់​ Christine Angelica Dacera ឱ្យដឹងថា ក្តីសុបិន​របស់​នាងគឺ​ចង់នាំគ្រួសារ​ទៅដើរជុំវិញ​ពិភពលោក។

  • យប់ចុងក្រោយរបស់ Christine Angelica Dacera

នាងត្រូវបានគេឃើញ​ចុងក្រោយ​បំផុត​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០ ពេល​ចូល​ក្នុងសណ្ឋាគារ City Garden ជាមួយមិត្តភក្តិ៣នាក់ឈ្មោះ ១. Rommel Galida ២. Gregorio Angelo Rafael de Guzman និង៣. John dela Serna។ ប៉ូលិសថា ពួកគេទាំង៣ គឺខ្ទើយប្រុស ហើយ​ស្នាក់នៅ​ជាមួយនារីរងគ្រោះ ក្នុងបន្ទប់លេខ ២២០៩។

យ៉ាងណាមិញ បើតាម​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍មួយ កាលពីថ្ងៃទី៥មករា បុរសឈ្មោះ Guzman អះអាងថា ខ្លួន​បាន​ជួប​នាង​នៅតែថ្ងៃទី៣១ធ្នូប៉ុណ្ណោះ។

ក្នុងអំឡុងពេល​អបអរ​បុណ្យឆ្លងឆ្នាំនោះ ក៏ស្រាប់តែមាន​បុរសជាច្រើនទៀតចូល​រួមដែរ ដោយពួកគេ​ជាមិត្តភក្តិ​របស់​មិត្តភក្តិនាង Dacera ដែល​ប៉ូលិស​បានរាប់​ឃើញ​ថាមាន​ ៩នាក់ ដូច្នេះធ្វើឱ្យ​ចំនួនបុរស​ដែល​នៅ​ជាមួយនាង Dacera ឡើង​ដល់ ១២នាក់។

នារីរងគ្រោះ Dacera បាន​ទូរសព្ទទៅ​គ្រួសារនាង​ក្នុងអំឡុងម៉ោង ០០:៣០នាទីថ្ងៃទី១មករា ២០២១។ នេះបើតាម​ការបញ្ជាក់របស់​ម្តាយរបស់នាង​កាលពីថ្ងៃទី៤មករា។ ប៉ុន្តែ ១០ម៉ោងក្រោយមកទៀត នាងក៏បាត់​ការឆ្លើយតបតែម្តង។

មិត្តភក្តិរបស់​នាង​ដែល​មានឈ្មោះ Rommel Galida បាន​ក្រោកពីដេកនៅម៉ោង ១០ព្រឹកថ្ងៃទី១មករា ហើយបានប្រទះឃើញ​នាង Dacera នៅ​អាង​ងូតទឹក ក្នុងបន្ទប់​នោះ។ បុរសរូបនេះ ឃើញ Dacera ហាក់ដូចជាដេកលក់អ៊ីចឹង ដូច្នេះគាត់​ក៏ដណ្តប់ភួយ​លើនាង។ រហូត​ដល់ថ្ងៃរសៀល គាត់​ក៏ចាប់ផ្តើមសង្ស័យ ហើយ​ក៏ហៅ​គ្នា២នាក់​ទៀត​មកជួយ​ដែល​ក្នុងនោះមានឈ្មោះ Guzman ផងដែរ។

Guzman អះអាងថា នៅពេល​គាត់​ទៅដល់ នាង Dacera បានផុតដង្ហើមទៅហើយ ហើយ​បាន​លើកនាងចេញពីអាងងូតទឹក និងបញ្ជូន​ទៅមន្ទីរពេទ្យដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែបានយឺតពេល ពោលគឺ​ស្លាប់បាត់​ទៅហើយ។

ប៉ូលិស​បាន​សន្និដ្ឋានជាបឋមថា នាង​អាចនឹងត្រូវបានចាប់​រំលោភ ឬរំលោភបូក បន្ទាប់​ពី​ក្រុមស៊ើបអង្កេត​បាន​សម្គាល់​ឃើញ​ស្នាមជាំ និង​របួស​នៅលើ​ជើងនាង។ ទោះជាយ៉ាងណា ពួកគេ​នឹង​ពិនិត្យ​បន្ថែមទៀត មុន​ធ្វើការ​ប្រកាស​ជាផ្លូវការ៕

ប្រភព៖ rappler

អត្ថបទថ្មី
;