ឃើញ​ស្គមៗ​អ៊ីចឹង តែ​តារា​ហុងកុង​រូប​នេះត្រូវ​ប៉ាន់គេ​និយម​ឲ្យ​ដើរ​តួ​បែប​នេះ​ណាស់!

  • 2021-01-11 06:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ សារព័ត៌មាន​ហុងកុង HK01 បាន​ធ្វើ​បទ​សម្ភាសន៍​​ជាមួយ​តារា​សម្ដែង​ម្នាក់ ដែល​មាន​រូបរាង​កាយ​តូច​ស្គមស្គាំង​​ខុស​​ពី​​តារា​ដទៃ​ឯ​ទៀត។ តារា​រូប​នោះ​មាន​ឈ្មោះ​ថា Guo Hanzhu។ នៅ​វ័យ​៣៤​ឆ្នាំ​ក៏​ពិត​មែន តែ​​លោក​​មាន​ទម្ងន់​ត្រឹម ៤០​គីឡូក្រាម និង​មាន​កម្ពស់​​ត្រឹម ៦០សង់ទីម៉ែត្រ​តែ​ប៉ុណ្ណោះ។

អាច​និយាយ​​ក្នុង​ន័យ​វិជ្ជមាន​បាន​ថា ការ​ដែល​មាន​រូបរាង​មិន​ប្រក្រតី​ដូច្នេះ​​​គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​​​លោក Guo នៅ​ក្នុង​វិស័យ​សម្ដែង​ភាពយន្ត​ទៅ​វិញ ព្រោះ​មាន​ផលិតករ​ជា​ច្រើន​បាន​​ចាប់​អារម្មណ៍​​នឹង​លោក ហើយ​ហៅ​លោក​ទៅ​​ដើរ​តួ​​រង​នានា​ប្លែកៗ​ដូចជា តួ​មនុស្ស​ឈឺ តួ​ញៀន​ថ្នាំ តួ​កំប្លែង និង​តួ​ខ្មោច​បិសាច ជា​ដើម។

លោក Guo Hanzhu បាន​​រៀបរាប់​ប្រាប់​សារព័ត៌មាន HK01 ថា លោក​មាន​បំណង​ចង់​ក្លាយ​ជា​តារា​សម្ដែង​តាំង​តែ​ពី​នៅ​រៀន​​ថ្នាក់​អនុវិទ្យាល័យ​មក​ម៉្លេះ។ ម៉្លោះ​ហើយ​ទើប​លោក​ប្ដេជ្ញា​សម្រេច​គោល​បំណង​នេះ​ឲ្យ​បាន ដោយ​ត្រូវ​តម​អាហារ​ថែ​រក្សា​រាង។ យ៉ាង​ណា​មិញ ការ​តម​អាហារ​នេះ​បែរ​ក្លាយ​ជា​ផល​វិបាក​ចំពោះ​រាងកាយ​របស់​លោក​ទៅ​វិញ ដែល​វា​បាន​បង្ក​ជា​បញ្ហា​កង្វះ​ខាត​អាហារូបត្ថម្ភ និង​ធ្វើ​ឲ្យ​លោក​​កាន់​តែ​ស្គម​ទៅៗ។

ស្ថិត​ក្នុង​សភាព​ស្គម និង​មិន​​លូត​កម្ពស់​ដល់​វ័យ​​ជាង​៣០​ឆ្នាំ​នេះ លោក Guo Hanzhu បាន​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ជីវិត។ លោក​តែង​ចាញ់​អាកាសធាតុ​មិន​ថា​ក្ដៅ ឬ​រងា ហើយ​ឧស្សាហ៍​​រមួល​ក្រពើ និង​កោស​ខ្យល់​ថែម​​ទៀត​ផង។ "នៅ​ពេល​ខ្ញុំ​និយាយ​ម្ដងៗ ខ្ញុំ​តែង​ដក​ដង្ហើម​​មិន​សូវ​ដល់​គ្នា ហើយ​ត្រូវ​ប្រឹង​ដក​ដង្ហើម​ឲ្យ​ខ្លាំងៗ...ក្រោយ​ថត​កុន​១​ថ្ងៃ ខ្ញុំ​ត្រូវ​​ឈប់​សម្រាក​១​ឬ​ក៏​២​ថ្ងៃ ដើម្បី​សម្រាក​យក​កម្លាំង" នេះ​ជា​ការ​លើក​ឡើង​របស់ Guo។ លោក​បាន​បន្ត​​ទៀត​ថា សម្រាប់​ការ​ជ្រើស​រើស​សម្លៀក​បំពាក់​វិញ លោក​​មិន​ហ៊ាន​រើស​ឈុត​ណា​ដែល​មាន​ពណ៌​ស្រស់ៗ​​ពេក​ទេ ព្រោះ​ខ្លាច​​​គេ​ច្រឡំ​ថា​ជា​កូន​ក្មេង។

ថ្វី​ត្បិត​មាន​រូបរាង​បែប​នេះ​ក្ដី លោក Guo មិ​ន​ដែល​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ចំពោះ​ជីវិត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​​និយាយ​ថា កម្លាំង​ផ្លូវ​ចិត្ត​គឺ​ជា​ការ​កំណត់​​ពិត​ថា​យើង​ជា​នរណា​ឲ្យ​ប្រាកដ។

យោង​តាម HK01 បាន​ឲ្យដឹង​ថា លក្ខណៈ​ពិសេស​របស់ Guo បាន​ជួយ​ឲ្យ​​លោក​​ទទួល​បាន​ឱកាស​សម្ដែង​ពិសេសៗ​ជា​ច្រើន។ មួយ​វិញ​ទៀត សូម្បី​តែ​​ផលិតករ​​បរទេស​មួយ​ចំនួន​ក៏​បាន​អញ្ជើញ​លោក Guo ឲ្យ​ទៅ​ផ្ដល់​បទ​សម្ភាសន៍​ពី​​បទ​ពិសោធន៍​ជីវិត​ផង​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;