តើយន្តហោះឥណ្ឌូណេស៊ីផ្ទុះមុន ឬក្នុងពេលធ្លាក់ចូលសមុទ្រ? អ្នកស៊ើបអង្កេតអះអាងបែបនេះ
- 2021-01-11 02:52:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើយន្តហោះឥណ្ឌូណេស៊ីផ្ទុះមុន ឬក្នុងពេលធ្លាក់ចូលសមុទ្រ? អ្នកស៊ើបអង្កេតអះអាងបែបនេះ
ចន្លោះមិនឃើញ
លោក Nurcahyo Utomo អ្នកស៊ើបអង្កេតនៅគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី បាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air គឺបានផ្ទុះក្នុងពេលធ្លាក់ចូលក្នុងសមុទ្រ។
លោកប្រាប់ Reuters យ៉ាងដូច្នេះថា៖ «យើងមិនទាន់ប្រាកដទេ ប៉ុន្តែបើយើងមើលតាមបំណែកយន្តហោះ គឺវារាយប៉ាយក្នុងតំបន់តូចមួយប៉ុណ្ណោះ។ វាអាចនឹងបែកខ្ញែកនៅពេលបុកទឹក ពីព្រោះបើវាផ្ទុះនៅលើអាកាស នោះបំណែកនឹងរាយប៉ាយនៅតំបន់ធំជាងនេះ»។
ទោះជាយ៉ាងនេះក្តី លោកមិនទាន់អាចប្រាប់ពីមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនេះនៅឡើយទេ។
សូមជម្រាបថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya Airដែលដឹកមនុស្ស៦២នាក់ បានធ្លាក់ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីហោះចេញពីក្រុងហ្សាកាតា ឆ្ពោះទៅកាន់ក្រុង Pontianak ដែលស្ថិតនៅលើកោះប៊័រណេអូ។ យន្តហោះនេះអាចនឹងធ្លាក់ក្នុងសមុទ្រនៅចន្លោះកោះ Laki និង Lancang ក្នុងតំបន់មួយដែលគេស្គាល់ថា កោះរាប់ពាន់ (Thousand Islands) ស្ថិតនៅប៉ែកពាយព្យនៃក្រុងហ្សាកាតា។
កាលពីម្សិលមិញនេះ ក្រុមសង្គ្រោះឥណ្ឌូណេស៊ី បានរកឃើញបំណែកសាកសព សម្លៀកបំពាក់ បំណែកយន្តហោះ និងកំណត់បានសញ្ញាប្រអប់ខ្មៅរបស់យន្តហោះនេះហើយ៕