ថៃ សង់ផ្លូវ៤គន្លង ភ្ជាប់មកច្រកថ្មដា ខេត្តពោធិ៍សាត់រួចហើយ
- 2021-01-12 03:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ សង់ផ្លូវ៤គន្លង ភ្ជាប់មកច្រកថ្មដា ខេត្តពោធិ៍សាត់រួចហើយ
ចន្លោះមិនឃើញ
ភាគីរដ្ឋាភិបាលថៃ បានសាងសង់កំណាត់ផ្លូវមួយខ្សែ តភ្ជាប់ពីភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់កម្ពុជារួចរាល់ហើយ។ ការតភ្ជាប់ផ្លូវមួយខ្សែនេះឡើង ជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀតរវាងកម្ពុជា និងប្រទេសថៃ។ ជាពិសេសធ្វើឱ្យស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសក្តានុពេលសេដ្ឋកិច្ចថែមមួយកម្រិតទៀត។
កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូ ប្រភេទ AC មានទឹង ១៤ម៉ែត្រ ប្រវែងជិត ២គីឡូម៉ែត្រ ចែកចេញជា៤គន្លង។ ការសម្រេចសាងសង់កំណាត់ផ្លូវនេះ បន្ទាប់ពីសភាថៃបានអនុម័ត និងបន្ទាប់ពីលោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ បានចារឯកភាពតាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ពាក់ព័ន្ធការពន្លឿនបើកច្រកព្រំដែនអន្តរជាតិនេះ។
ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនេះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងបានជួបពិភាក្សាជាញឹកញាប់ជាមួយភាគីថៃ ដើម្បីជជែកពីការតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត តាមរយៈច្រកព្រំដែនថ្មដានេះ។ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ដាច់ស្រយាលមួយពីអតីតកាលនោះ បាននឹងកំពុងក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ និងកសិកម្ម បន្ទាប់ពីផ្លូវមួយខ្សែនេះ គឺផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០កន្លងទៅ។
ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាកន្លែងទេសចរណ៍ដែលមានទឹកជ្រោះ និងជួរភ្នំ ខណៈស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ។ ការតភ្ជាប់ផ្លូវធ្វើដំណើរកាន់តែងាយស្រួលរវាងខេត្តពោធិ៍សាត់ របស់កម្ពុជា និងខេត្តត្រាត របស់ថៃ តាមច្រកថ្មដា នឹងទាក់ទាញកាន់តែខ្លាំងលើវិស័យទេសចរណ៍រវាងខេត្តទាំងពីរ។
បច្ចុប្បន្ននេះនៅច្រកថ្មដានេះ នៅខាងទឹកដីកម្ពុជា មានការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ និងកន្លែងលំហែកាយជាច្រើន។ ក្រៅតែពីវិស័យទេសចរណ៍ ការតភ្ជាប់ខេត្តទាំងពីរតាមរយៈច្រកថ្មដា នឹងបង្កភាពងាយស្រួលក្នុងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរផងដែរ៕
ប្រភព៖ ហ្វេសប៊ុក Pursat Provincial Hall