ទីតាំងប្រអប់ខ្មៅយន្តហោះឥណ្ឌូណេស៊ីរកឃើញហើយ តែជួបឧបសគ្គនេះទៅវិញ
- 2021-01-12 03:37:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីតាំងប្រអប់ខ្មៅយន្តហោះឥណ្ឌូណេស៊ីរកឃើញហើយ តែជួបឧបសគ្គនេះទៅវិញ
ចន្លោះមិនឃើញ
ក្រុមអ្នកមុជទឹកនៃកងទ័ពជើងទឹកឥណ្ឌូណេស៊ី បានកំណត់ឃើញទីតាំងប្រអប់ខ្មៅរបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ហើយ តែត្រូវជួបឧបសគ្គខ្លាំងដោយសារវាស្ថិតនៅក្រោមដីបាតសមុទ្រដល់ទៅ ២០ម៉ែត្រ ហើយមានបំណែកយន្តហោះជាច្រើនតោន នៅគរលើវាទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក Yudo Margono អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៊ី។
លោកបន្តថា ការរើបំណែកយន្តហោះទាំងនោះចេញ បានធ្វើឱ្យមានភាពយឺតយ៉ាវសម្រាប់អ្នកមុជទឹកក្នុងការទៅដល់កន្លែងប្រអប់ខ្មៅនោះ។ នៅថ្ងៃអង្គារនេះ អ្នកមុជទឹកយ៉ាងហោច ១៦០នាក់ នឹងត្រូវបានបញ្ជូនឱ្យទៅរកប្រអប់ខ្មៅ។
សូមបញ្ជាក់ថា ក្នុងយន្តហោះនេះគឺមានប្រអប់ខ្មៅ២ ដែលជាឧបករណ៍កត់ត្រាសំឡេងក្នុងបន្ទប់បើកបរ (CVR) និងមួយទៀតជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) របស់យន្តហោះ។
គួរដឹងថា ក្នុងប្រតិបត្តិការរុករកនេះ ឥណ្ឌូណេស៊ី បានប្រើប្រាស់កងទ័ព ៣៦០០នាក់, ឧទ្ធម្ភាគចក្រ ១៣គ្រឿង, នាវាខ្នាតធំ ៥៤គ្រឿង និងទូកតូចៗ ២០គ្រឿង ដើម្បីស្វែងរកបំណែកយន្តហោះ និងសាកសព ដែលស្ថិតនៅក្រោមជម្រៅទឹកសមុទ្រ ២៣ម៉ែត្រ។
សាកសពមួយចំនួនត្រូវបានរកឃើញ និងស្រង់ឡើងមកហើយ ក្នុងនោះអាជ្ញាធរបានកំណត់ស្គាល់អត្តសញ្ញាណសាកសពមួយដែលជាបុរសឈ្មោះ Okky Bisma អាយុ ២៩ឆ្នាំ ជាអ្នកបម្រើលើយន្តហោះ។
សូមរំលឹកថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya Air ដែលដឹកមនុស្ស ៦២នាក់ បានធ្លាក់ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីហោះចេញពីក្រុងហ្សាកាតា ឆ្ពោះទៅកាន់ក្រុង Pontianak ដែលស្ថិតនៅលើកោះប៊័រណេអូ។ យន្តហោះនេះ បានធ្លាក់ក្នុងសមុទ្រនៅចន្លោះកោះ Laki និង Lancang ក្នុងតំបន់មួយដែលគេស្គាល់ថា កោះរាប់ពាន់ (Thousand Islands) ស្ថិតនៅប៉ែកពាយព្យនៃក្រុងហ្សាកាតា៕