កំហុស ៥យ៉ាងពេលងូតទឹក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពស្បែក
- 2021-01-12 09:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស ៥យ៉ាងពេលងូតទឹក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពស្បែក
ចន្លោះមិនឃើញ
ងូតទឹកគឺជារឿងងាយៗ និងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា។ ទោះយ៉ាងណាសកម្មភាពមួយចំនួនដែលអ្នកធ្វើពេលងូតទឹក ឬក្រោយងូតទឹក អាចជាកំហុសឆ្គងដែលអ្នកមិនចាប់អារម្មណ៍ និងបង្កឲ្យស្បែកស្ងួត។
ពាក់ព័ន្ធបញ្ហានេះ វេជ្ជបណ្ឌិតជំនាញផ្នែកស្បែកមកពីអាមេរិកពីររូបគឺអ្នកស្រី Woolery-Lloyd និង Heidi Waldorf បានរកឃើញកំហុសទាំង៥ ដែលកើតមានញឹកញាប់បំផុតពេលងូតទឹកនេះ៖
១. ងូតទឹកក្ដៅយូរពេក
ងូតទឹកក្ដៅជាវិធីល្អដើម្បីជួយអារម្មណ៍ស្រស់ស្រាយនិងកក់ក្ដៅនៅពេលព្រឹកព្រលឹម ប៉ុន្តែវាមិនសូវល្អឡើយសម្រាប់សុខភាពស្បែក។ ផ្អែកតាមវេជ្ជបណ្ឌិត Woolery-Lloyd ទឹកក្ដៅអាចជម្រុះជាតិខ្លាញ់ចាំបាច់លើស្បែក និងអាចបង្កឲ្យបញ្ហាស្បែកផ្សេងៗដូចជាត្រអក កាន់តែធ្ងន់ធ្ងរ។ ជាការល្អ គួរងូតទឹកក្ដៅក្នុងរយៈពេលខ្លី និងសីតុណ្ហភាពក្ដៅឧណ្ណៗបានហើយ។
២. ប្រើ Gel និងសាប៊ូលាងខ្លួនដែលមានពពុះច្រើនជ្រុល
សាប៊ូដែលមានពពុះកាន់តែច្រើន នឹងធ្វើឲ្យស្បែកស្ងួតកាន់តែខ្លាំង។ សារធាតុ Surfactant ដែលមានក្នុងសាប៊ូទាំងនោះ នឹងធ្វើឲ្យស្បែកបាត់បង់ជាតិលីពីតនិងប្រូតេអ៊ីនដែលចាំបាច់បំផុតសម្រាប់ការពារស្បែកពីភាពស្ងួត។
៣. លាងសាប៊ូមិនអស់ពីខ្លួន
ដើរចេញពីកន្លែងងូតទឹកទាំងជាប់សាប៊ូខ្លះៗនៅកញ្ចឹងក តែងកើតឡើងរឿយៗសម្រាប់មនុស្សជាច្រើន ហើយពួកគេក៏ជូតវានឹងក្រណាត់ ឬកន្សែង។ ប៉ុន្តែការសម្អាតសាប៊ូពីខ្លួនមិនបានត្រឹមត្រូវក៏ជាមូលហេតុនាំឲ្យស្បែកស្ងួត និងប្រតិកម្មដែរ បើសាប៊ូដែលពួកគេប្រើ ជាសាប៊ូខ្លាំង។
៤. ប្រើម៉ាសបិទមុខដែលជ្រាបចូលរន្ធញើសជ្រៅក្រោយងូតទឹក
មនុស្សជាច្រើនលាងមុខយ៉ាងជ្រះស្អាតពេលងូតទឹក រួចហើយក៏ប្រើម៉ាសបិទមុខ។ ប៉ុន្តែអ្នកជំនាញផ្នែកស្បែក បានឲ្យយោបល់ថា ម៉ាសដែលជ្រាបចូលរន្ធញើសជ្រៅទាំងនោះ គួរប្រើមុនពេលអ្នកលុបលាងមុខ។ វេជ្ជបណ្ឌិត Waldorf និយាយថាផលិតផលដែលអ្នកប្រើក្រោយងូតទឹក គឺងាយនឹងជ្រាបចូលរន្ធញើសបំផុត ដែលធ្វើឲ្យស្បែកស្ងួតនិងប្រតិកម្ម។ ផលិតផលដែលសំខាន់បំផុតក្រោយងូតទឹក លុះត្រាតែអាចជួយរក្សានិងធ្វើឲ្យស្បែកអ្នកមានសំណើមវិញបាន។
៥. ប្រើកន្សែងត្រដុសខ្លួនខ្លាំងៗ
ជាធម្មតា ជាពិសេសក្នុងខែរងា យើងតែងចង់ជូតខ្លួនឲ្យស្ងួតឆាប់ៗបំផុត។ តែដើម្បីការពារកុំឲ្យអាការស្បែកស្ងួតកាន់តែធ្ងន់ធ្ងរ អ្នកគួរជូតខ្លួននឹងកន្សែងដោយថ្នមៗក្រោយងូតទឹក។ អ្នកស្រី Waldorf មានប្រសាសន៍ថា៖ "ក្រោយងូតទឹក ស្បែកបាត់បង់សំណើមច្រើន ដូច្នេះយើងគួរតែលាបឡេ ឬក្រែមដែលបន្ថែមសំណើម ត្រង់ដៃ ជើង និងផ្នែកផ្សេងៗនៃរាងកាយដែលងាយនឹងស្ងួត" ៕