រឿងរ៉ាវ​ពិត​អំពី​ស្ត្រី​ជប៉ុន​ម្នាក់ រស់នៅ​ជាមួយ​ក្រុម​បុរស ៣១​នាក់ លើ​កោះ​ដាច់​ស្រយាល​!

  • 2021-01-13 22:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២ ហើយ​ក្នុង​នោះ​មាន​រឿង​ល្បី​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​​ជីវិត​របស់​ស្ត្រី​ជនជាតិ​ជប៉ុន​មួយ​រូប ដែល​បាន​រស់នៅ​លើ​កោះ​​ដាច់​ស្រយាល​មួយ​កន្លែង​ជាមួយ​​វត្តមាន​បុរសៗ​ចំនួន ៣១​នាក់​ផ្សេង​ទៀត។ ដោយសារ​តែ​​នាង​ជា​​នារី​ភេទ​តែ​ម្នាក់​គត់​នៅ​លើ​កោះ​ក្នុង​ចំណោម​ក្រុម​បុរស​ជា​ច្រើន​បែប​​នេះ គ្រប់​គ្នា​បាន​ចាត់​​ប្រដូច​នាង​ទៅនឹង​ព្រះ​នាង​ម្ចាស់ និង​ជា​ស្រី​ស្អាត​បំផុត​ក្នុង​លោក។

កោះ Anatahan
រឿងរ៉ាវ​ប្លែក​នេះ​​កើត​ឡើង​​នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ស្ថិត​នៅ​លើ​កោះ​មួយ​ឈ្មោះ​ថា Anatahan ដែល​ជា​កោះ​ទីទៃ​ពី​គេ​មួយ​នៅ​ក្នុង​​មហា​សមុទ្រ​ប៉ាស៊ីហ្វិច​ជាមួយ​ផ្ទៃ​ក្រឡា​ដី​ត្រឹម ៣៣​គីឡូម៉ែត្រ​ការ៉េ។ ស្ត្រី​ជប៉ុន​រូប​នោះ​មាន​ឈ្មោះ​ពេញ​ថា Kazuko Higa។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ កោះ​នេះ​ត្រូវ​បាន​​ប្រទះ​ឃើញ​និង​ទៅ​ដល់​ដំបូង​គេ​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​អេស្ប៉ាញ​មួយ​រូប​​នៅ​ក្នុង​ឆ្នាំ​១៨៦៨។ បុរស​អេស្ប៉ាញ​រូប​នោះ​បាន​​នាំ​ជនជាតិ​ដើម​ភាគ​តិច​​ចេញ​ពី​កោះ Anatahan ទាំង​អស់ ហើយ​​លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ចម្ការ​ដាំ​​ផ្លែ​ដូង ដែល​មាន​សមត្ថភាព​ប្រមូល​ផល​បាន ១២៥​តោន​​ក្នុង​១​ឆ្នាំៗ។ បន្ទាប់​មក​នៅ​​ក្នុង​ឆ្នាំ​១៨៩៩ អេស្ប៉ាញ​បាន​លក់​កោះ​នេះ​ឲ្យ​ទៅ​អាល្លឺម៉ង់ ក្រោយ​មក​ក៏​មាន​ការ​លក់​បន្ត​ឲ្យ​ទៅ​ជប៉ុន ក្រោយ​ចប់​សង្គ្រាម​លោក​លើក​ទី​១។

ជប៉ុន​បាន​កែ​លម្អ​កោះ​នេះ​ឡើង​វិញ ហើយ​ក៏​បញ្ជូន​បុរស​ម្នាក់​ឈ្មោះ Kikuichiro Higa ឲ្យ​ទៅ​គ្រប់គ្រង​កោះ។ នៅ​លើ​កោះ លោក Kikuichiro Higa មាន​កម្មករ​ផ្នែក​កសិកម្ម​​បម្រើ​ការ​ចំនួន ៤៥​នាក់។ ក្រោយ​​មក​ៗ​ទៀត លោក​ក៏​បាន​​អញ្ជើញ​បុរស​​ម្នាក់​ឈ្មោះ Shoichi Higa មក​ជួយ​ការងារ​នៅ​លើ​កោះ។ លោក Shoichi Higa ក៏​បាន​នាំ​​ភរិយា​វ័យ​ក្មេង​របស់​លោក​គឺ​​ Kazuko Higa ទៅ​រស់នៅ​លើ​កោះ​ជាមួយ​គ្នា​ផង​ដែរ។

នៅ​ពេល​សង្គ្រាម​លោក​លើក​ទី២​​ផ្ទុះ​ឡើង កោះ Anatahan មិន​​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​វាយ​ប្រហារ​អ្វី​ឡើយ។

យ៉ាង​ណា​មិញ លោក Shoichi Higa បាន​កើត​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​ប្អូន​ស្រី​របស់​លោក ដែល​រស់នៅ​លើ​កោះ​មួយ​ផ្សេង​ទៀត​ (កោះ​នោះ​ជា​កោះ​របស់​អេស្ប៉ាញ)។ លោក Shoichi Higa ក៏​សម្រេច​ចាកចេញ​ពី​កោះ Anatahan ទៅ​ស្វែង​រក​ប្អូន​ស្រី។ ដោយ​ឡែក ក្រុម​កម្ម​ករ​​ក៏​គេ​​តម្រូវ​​ឲ្យ​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​វិញ​ផង​ដែរ។

ចំណែក​នាង Kazuko មិន​បាន​ចាក​ចេញ​ពី​​កោះ​ទេ ដោយ​នាង​នៅ​រង់ចាំ​ប្ដី​របស់​នាង​វិល​ត្រឡប់​មក​វិញ។ ប៉ុន្តែ​​ចាំ​អស់​រយៈពេល​ជា​​ច្រើន​ខែ ប្ដី​របស់​នាង​គឺ​លោក Shoichi មិន​បាន​​វិល​ត្រឡប់​​វិញ​ឡើយ ពោល​គឺ​បាត់​ដំណឹង​សូន្យ​ឈឹង។ ព្រោះ​គិត​ថា​ប្ដី​ស្លាប់ នាង Kazuko ក៏​រៀបការ​ធ្វើ​ជា​ប្រពន្ធ​រប​ស់​លោក Kikuichiro ដែល​ជា​ថៅកែ និង​ជា​បង​ប្អូន​ល្អ​របស់​​​លោក Shoichi។

មិន​យូរ​ប៉ុន្មាន ក៏​កើត​មាន​ការ​ទម្លាក់​គ្រាប់​បែក​វាយ​ប្រហារ​កោះ Anatahan នាង Kazuko និង​ប្ដី​ថ្មី​លោក Kikuichiro ក៏​បាន​រត់​​ចូល​ក្នុង​ព្រៃ​ដើម្បី​​​លាក់​ខ្លួន។

ថ្ងៃ​មួយ​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៩៤៤ កង​កម្លាំង​អាមេរិក​បាន​​បាញ់​​កម្ទេច​នាវា​ចម្បាំង​ជប៉ុន​៣​​គ្រឿង ដែល​នៅ​ក្បែរ​កោះ Anatahan។ ទាហាន​ជប៉ុន ៣១​នាក់​នៅ​រស់រាន​មាន​ជីវិត ហើយ​ក៏​ហែល​ទៅ​កាន់​កោះ Anatahan។ ប្ដី​ប្រពន្ធ​ Kazuko ក៏​បាន​ជួយ​សង្គ្រោះ​ក្រុម​ទាហាន​ទាំង​នោះ។ ពួក​គេ​បាន​ព្យាយាម​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​របស់របរ​ដែល​សេសសល់​ពី​នាវា​ចម្បាំង។

ក្នុង​ខែ​សីហា ឆ្នាំ​១៩៤៥ សង្គ្រាម​លោក​លើក​ទី​២​ក៏​បាន​បញ្ចប់។ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ញើ​លិខិត​ទៅ​កាន់​​កោះ Anatahan ប្រាប់​ពី​ការ​បញ្ចប់​សង្គ្រាម ប៉ុន្តែ​​អ្នក​នៅ​លើ​កោះ​មិន​បាន​ជឿ​​ទេ ហើយ​សម្រេច​ចិត្ត​បន្ត​រស់នៅ​លើ​កោះ​ដដែល។

ជីវិត​លើ​កោះ Anatahan មាន​ភាព​ប្រក្រតី​ធម្មតា រហូត​ដល់​មាន​ថ្ងៃ​មួយ​នៅ​ក្នុង​ឆ្នាំ​១៩៤៦ លោក Kikuichiro បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​បាន​ស្លាប់​ចោល​ប្រពន្ធ​បាត់​ទៅ។ ត្រង់​ចំណុច​នេះ​ហើយ​ទើប​បញ្ហា​ចាប់​ផ្ដើម​កើត​មាន។ នាង Kazuko គឺ​ស្ត្រី​ម្នាក់​គត់​នៅ​លើកោះ។ ទោះ​សម្រស់​នាង​មិន​សូវ​ជា​ស្អាត​ខ្លាំង ប៉ុន្តែ​សម្រាប់​អ្នក​នៅ​លើ​កោះ ដែល​សុទ្ធ​តែ​ជា​ប្រុសៗ​នោះ នាង Kazuko ប្រៀប​បាន​ដូច​ជា​ព្រះ​នាង​ម្ចាស់​ដ៏​​សោភា​ដាច់​គេ​អ៊ីចឹង។

គ្រប់​គ្នា​នៅ​លើ​កោះ ចង់​បាន​ Kazuko មក​ធ្វើ​ជា​​ស្រី​កំណាន់​របស់​ខ្លួន។ បែប​នេះ​ហើយ​ពួក​គេ​ក៏​ចាប់​ផ្ដើម​មាន​ជម្លោះ​​នឹង​គ្នា។ ដើម្បី​ដោះស្រាយ​បញ្ហា បុរស​ម្នាក់​ឈ្មោះ Ishida ដែល​ជា​មេ​បញ្ជាការ​មាន​ឋានៈ​ខ្ពស់​ជាង​គេ ក៏​បាន​ផ្គូរផ្គង់​ឲ្យ​បុរស​ម្នាក់​រៀបការ​ជាមួយ Kazuko។ រៀបការ​​មិន​ទាន់​ដឹង​អី​ផង ស្រាប់​តែ​ប្ដី​ថ្មី​របស់ Kazuko ត្រូវ​គេ​ប្រទះ​ឃើញ​លង់​ទឹក​ស្លាប់។

Kazuko បាន​បន្ត​រៀបការ​ជាមួយ​បុរស​ចំនួន ៤​​នាក់​ផ្សេង​ទៀត។ ប៉ុន្តែ​បុរស​ទាំង​៤​នាក់​នោះ​ក៏​ត្រូវ​គេ​សម្លាប់​ផង​ដែរ។ ការ​កាប់​សម្លាប់​បន្ត​កើត​មាន​មិន​ចេះ​ចប់ រហូត​ដល់​មាន​មនុស្ស ១១​នាក់​​បាន​ស្លាប់។ ឃាតក​ដែល​សម្លាប់​មនុស្ស​ម្នា​​លើ​កោះ ត្រូវ​គេ​សង្ស័យ​ថា​ជា​បុរស​ម្នាក់ ដែល​​កើត​ក្ដី​ឈឺចាប់ ព្រោះ​មិន​បាន​រៀបការ​ជាមួយ Kazuko។

នាង Kazuko ចាប់​ផ្ដើម​ភ័យ​ខ្លាច ព្រោះ​អំពើ​ឃាតកម្ម​ដែល​បាន​កើត​ឡើង។ នាង​ក៏​សម្រេច​ចិត្ត​រត់​ចេញ​ពី​កោះ ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​យោធា​អាមេរិក។

Kazuko បាន​ទៅ​ដល់​ទឹក​ដី​ជប៉ុន​វិញ ក្រោយ​ធ្វើ​ដំណើរ​តាម​ទូក​អស់​​រយៈពេល​៣​ទៅ​៤​​សប្ដាហ៍។ តាំង​ពី​នោះ​មក នាង Kazuko Higa ក៏​​ចាប់​ផ្ដើម​ល្បី​ល្បាញ ដោយសារ​តែ​រឿងរ៉ាវ​ជីវិត​នៅ​លើ​កោះ។

ពេល​ទៅ​ដល់​ខេត្ត Okinawa ដែល​ជា​កន្លែង​កំណើត នាង Kazuko បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​មែន​ទែន នៅ​ពេល​នាង​បាន​ជួប​ប្ដី​ដើម​របស់​នាង​វិញ​គឺ​លោក Shoichi ដែល​នៅ​មាន​ជីវិត។ លោក Shoichi បាន​និយាយ​ប្រាប់​ថា ព្រោះ​សង្គ្រាម​ទើប​លោក​មិន​អាច​ទៅ​កោះ Anatahan ទៅ​យក​ប្រពន្ធ​មក​វិញ​បាន។ ចុង​ក្រោយ អ្នក​ទាំង​ពីរ​ក៏​ចាប់​​​ដៃ​គ្នា​កសាង​គ្រួសារ​ជា​ថ្មី​ម្ដង​ទៀត។

ងាក​មក​និយាយ​អ្នក​​លើ​កោះ​វិញ ពួក​គេ​នៅ​មាន​គ្នា​ចំនួន ២០​នាក់ ហើយ​បន្ត​រស់នៅ​​ទីនោះ​​រយៈពេល​១​ឆ្នាំ​ក្រោយ​ការ​ចាក​ចេញ​របស់ Kazuko។ ពួក​គេ​នៅ​​តែ​មិន​ជឿ​ថា​សង្គ្រាម​បាន​បញ្ចប់ ទាល់​តែ​ខាង​យោធា​អាមេរិក​បាន​ផ្ញើ​រូបថត​សាច់​ញាត្តិ​របស់​ពួក​គេ​ឲ្យ​ឃើញ​ទើប​ពួក​គេ​​ដឹង​ច្បាស់​ថា​សង្គ្រាម​ពិត​ជា​ចប់​​ប្រាកដ​មែន ហើយ​ចាក​ចេញ​ពី​កោះ​ទៅ​ជប៉ុន​វិញ។

ក្រោយ​ត្រឡប់​មក​វិញ ទាហាន​ជប៉ុន​ទាំង​២០​នាក់​មិន​សូវ​ជា​​សំណាង​ប៉ុន្មាន​ទេ ព្រោះ​មាន​រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​​អំឡុង​អវត្តមាន​របស់​ពួក​គេ។ មួយ​ក្នុង​នោះ​គឺ​​មាន​ប្រពន្ធ​អ្នក​ខ្លះ​បាន​រៀបការ​​ជាមួយ​​ប្ដី​ថ្មី ព្រោះ​គិត​ថា​ប្ដី​​របស់​ខ្លួន​បាន​ស្លាប់​ទៅ​ហើយ៕

ប្រភព៖ Padangkita News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;