នៅថ្ងៃដែល​ឥណ្ឌូណេស៊ី​ចាក់​វ៉ាក់សាំង​កូវីដចិន! រដ្ឋមន្រ្តី​ការបរទេស​ចិន វ៉ាង យី ពោលពាក្យ​បែប​នេះ

  • 2021-01-14 04:37:39
  • ចំនួនមតិ 1 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ


ឥណ្ឌូណេស៊ី បាន​ចាប់ផ្តើមកម្មវិធី​ចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន​ចិន Sinovac Biotech កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២១ គឺ​គាប់ជួន​នឹង​ការធ្វើទស្សនកិច្ចរបស់​រដ្ឋមន្រ្តី​ការបរទេសចិន លោក វ៉ាង យី នៅប្រទេសនេះ​តែម្តង។

​ក្រោយ​ជំនួប​ជាមួយរដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​កាលពីម្សិលមិញ លោក វ៉ាង យី បាន​ថ្លែង​ទៅកាន់​អ្នកកាសែតថា ចិន​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់ប្រជាជនឥណ្ឌូណេស៊ី។

«បើទោះជាមាន​តម្រូវការកើនឡើង​ខ្លាំង​សម្រាប់​វ៉ាក់សាំង​ក៏ដោយ យើង​ដោះស្រាយបាន​នូវ​ការ​លំបាក​របស់យើង និង​មិនស្ទាក់ស្ទើរ​ក្នុងការ​ឆ្លើយតប​ចំពោះតម្រូវ​ការរបស់​ឥណ្ឌូណេស៊ី ដើម្បីផ្តល់ជូនដល់​ប្រជាជន​ខ្លួននោះទេ។ នេះ​បង្ហាញ​ពីទំនាក់​ទំនង​យ៉ាងជិតស្និទ្ធបំផុត​រវាង​ប្រទេសទាំងពីរ»។

រដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់​ថា ចិន និង​ឥណ្ឌូណេស៊ី នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ ហើយចិន​បន្តរៀបចំ​ការផលិតវ៉ាក់សាំង​ដែល​សហការ​ជាមួយ​ឥណ្ឌូណេស៊ី និងគាំទ្រ​ប្រទេសនេះ ឱ្យ​ក្លាយ​ជាកន្លែងផលិតវ៉ាក់សាំង​ប្រចាំតំបន់៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

;