មន្រ្តីថៃ បកស្រាយ​ហើយ​រឿងទិញវ៉ាក់សាំងកូវីដពីចិន ក្រោយមានការបារម្ភពីប្រសិទ្ធភាព

  • 2021-01-14 08:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីសុខាភិបាល​ថៃ បាន​ធ្វើសន្និសីទកាសែតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១នេះ ដើម្បី​ពន្យល់អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីក្រុមហ៊ុនចិន Sinovac Biotech ក្រោយមានការបារម្ភអំពីប្រសិទ្ធភាព​របស់​វ៉ាក់សាំងនេះ។

លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋាន​វិទ្យាស្ថាន​វេជ្ជសាស្រ្ត​ បាន​អះអាងថា វ៉ាក់សាំង​ចិននេះ មានប្រសិទ្ធភាព ៧៨% ក្នុងការទប់ស្កាត់​ពីការឆ្លង​វីរុសកូវីដ១៩ និង១០០% ក្នុងការការពារមិនឱ្យមានរោគសញ្ញាធ្ងន់ធ្ងរកើតឡើង។

លោក​បញ្ជាក់​ថា គុណសម្បត្តិវ៉ាក់សាំងរបស់​ចិន គឺ​ជាការចាក់បញ្ចូលវីរុសមួយ​ចូលក្នុងខ្លួនមនុស្ស ដើម្បីបង្កើតប្រព័ន្ធសុំា។ នេះ​ជាបច្ចេកវិទ្យាសាមញ្ញមួយ។ ចិន​បាន​ចាក់វ៉ាក់សាំងនេះ ឱ្យ​យោធា និង​គ្រូពេទ្យ​របស់ខ្លួន​រាប់ម៉ឺននាក់​មកហើយ ដោយគ្មាន​ផលប៉ះពាល់អ្វីនោះទេ។

«យើង​ត្រូវការ​សំឡឹងមើល​ទិដ្ឋភាព​ផ្សេងទៀតដែរ ដូចជាគុណភាព តម្លៃ គុណភាព និង​ពេលវេលា និងលក្ខណៈផ្សេងទៀត ដែល​សក្តិសម​សម្រាប់ប្រទេសថៃ។ ខ្ញុំ​ចង់​ឱ្យ​ប្រជាជនជឿជាក់ថា ក្រសួង​សុខភាព​សាធារណៈ នឹង​ប្រើប្រាស់វ៉ាក់សាំង​មួយ​ដែលមានការទទួលស្គាល់​ពីគុណភាព និង​គ្មានផលប៉ះពាល់។ អង្គការសុខភាព​ពិភពលោក បាន​ប្រកាស​ថា វ៉ាក់សាំង​ដែលមានប្រសិទ្ធភាព​ត្រឹម ៥០% ឡើងទៅ គឺអាចប្រើប្រាស់បាន។ ដូច្នេះ​ខ្ញុំសូមស្នើឱ្យ​ប្រជាជន​ឈប់​ច្រួលច្របល់»។

តែយ៉ាងណា លោក​បន្ថែមថា​ប្រទេសថៃ បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម​ពីក្រុមហ៊ុន Sinovac ហើយ ប៉ុន្តែវាមិនប៉ះពាល់​ដល់​ផែនការ​ចាក់វ៉ាក់សាំងកូវីដ១៩នោះទេ។

សូមជម្រាប​ថា តាមការគ្រោងទុក ថៃ នឹង​ទទួល​បាន​វ៉ាក់សាំងកូវីដ១៩ ពី​ក្រុមហ៊ុនចិន Sinovac Biotech ចំនួន២លានដូសនៅត្រឹម​ខែមេសាខាងមុខ។ ក្នុងនោះ ខែកុម្ភៈ ទទួលបាន ២០ម៉ឺនដូស, ខែមីនា ៨០ម៉ឺនដូស និងខែមេសា ១លានដូស។  វ៉ាក់សាំង​ចិននេះ គឺមាន​តម្លៃ ១៧ដុល្លារ (៥០៩បាត) ក្នុងមួយដូស។

ថៃ ក៏បាន​បញ្ជាទិញ​វ៉ាក់សាំងរបស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៦លានដូស ដែល​នឹងមកដល់នៅ​ខែឧសភា ឆ្នាំ​២០២១ខាងមុខផងដែរ ក្នុងតម្លៃសរុបប្រមាណ ៦ពាន់លានបាត (ជាង ២០០,៨លានដុល្លារ)។ លើសពីនេះ ថៃក៏ទើបតែសម្រេចចិត្ត និងបញ្ជាទិញវ៉ាក់សាំង ៣៥លានដូសបន្ថែមទៀស​ពីក្រុមហ៊ុនអង់គ្លេសនេះផងដែរ៕

ខេត្ត​ចំនួន៥របស់ប្រទេសថៃ​ដែល​កំពុងរងគ្រោះខ្លាំងដោយជំងឺកូវីដ១៩ គឺ​ សាមុត សាខន, ឈុន បុរី, រ៉ាយ៉ង និងខេត្ត២ដែលជាប់កម្ពុជា គឺ ចាន់ថាបុរី និង​ត្រាត នឹង​ទទួលបាន​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២១ សម្រាប់​ប្រជាជន​ប្រមាណ ១,៣២លាននាក់ (២លានដូស)។

ដំណាក់កាលទី២ គិតពីខែឧសភា ដល់មិថុនា គឺ​ថៃនឹង​ចាក់វ៉ាក់សាំង ២៦លានដូស​ដល់​ជនងាយរងគ្រោះ​នៅទូទាំងប្រទេស។ ចុងក្រោយ​ដំណាក់កាលទី៣ គឺនៅចុងឆ្នាំ២០២១ និង​ដើមឆ្នាំ​២០២២ ថៃនឹង​ចាក់វ៉ាក់សាំងប្រមាណ ៣៥លានដូស ដល់​ប្រជាជនទូទៅ៕

ប្រភព៖ The Nation

អត្ថបទថ្មី
;