ខេត្ត​កែប នឹងមានឆ្នេរ​កម្សាន្ត​ថ្មីមួយទៀត​ ជាតំបន់ទឹករាក់

  • 2021-01-15 04:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​កែប​នឹងមាន​ឆ្នេរ​ថ្មី​មួយទៀត​ដែល​លាតសន្ធឹង​ចាប់ពីខាងកើត​ផ្សារក្តាម ទៅដល់​តំបន់​ព្រៃកោងកាងអូរក្រសា​ដោយឆ្នេរថ្មី​ជាតំបន់​ទឹករាក់​ ហើយមិនមាន​ជីវចម្រុះនោះទេ។ ការបង្កើតឆ្នេរថ្មីនេះ គឺដើម្បី​កាត់បន្ថយ​កុំឱ្យ​ភ្ញៀវទេសចរប្រមូលផ្តុំ​នៅ​តែតាមឆ្នេរកែបបច្ចុប្បន្ន។ នេះបើតាម​ការបញ្ជាក់​របស់​លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជាប្រធាន​លេខាធិការដ្ឋាន​នៃគណៈកម្មការ​អន្តរក្រសួង​ ក្នុងកិច្ចប្រជុំ​មួយ​ដើម្បី​ត្រួតពិនិត្យ ពិភាក្សា និង​ផ្តល់​ធាតុចូល​បន្ថែម​ទៅក្នុង​សេចក្តីព្រាងផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តកែប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១។

គណៈកម្មការអន្តរក្រសួងបានកំណត់យកប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗចំនួន ៤ សម្រាប់ខេត្តកែបនេះ ក្នុងនោះរួមមានទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ។

លោក​បានថ្លែង​ថា ដោយសារខេត្តកែបគឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពតដែលអាចផលិតអំបិល ហើយផលិតផលអំបិលនេះគឺជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ ទើបរាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យការពារតំបន់ស្រែអំបិល និងជំរុញឱ្យមានការផលិតអំបិលឱ្យបានកាន់តែច្រើនឡើង។ សម្រាប់ផែនការមេនេះនឹងបម្លែងគោលដៅនៅតំបន់ស្រែអំបិល ទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល ក្នុងនោះក៏មានការបង្កើតឱ្យមានជាសារៈមន្ទីរស្រែអំបិល ដើម្បីបង្ហាញទៅដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិបានស្គាល់អំពីចង្វាក់ផលិតកម្មអំបិលនៅកម្ពុជា។

ក្រៅពីនេះ នៅមានគម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែបដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាកែលម្អឆ្នេរអង្កោលឱ្យមានភាពប្រណីតទាក់ទាញផងដែរ។

ក្រៅពីនេះ ក៏នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា ការពង្រីកផលិតផលកីឡាទេសចរណ៍កម្រិតអន្តរជាតិ សារៈមន្ទីរសង្គ្រាមទេសចរណ៍ ការរៀបចំឱ្យមានដំណើរទៅទស្សនានៅតាមប្រជុំកោះ (ខេត្តកែបមានកោះសរុបចំនួន ១៣ កោះ) ដែលសម្បូរទៅដោយជីវចម្រុះសម្បូរបែប ដូចជា ផ្កាថ្ម ផ្សោតសមុទ្រ ជ្រូកទឹក មច្ឆាជាតិ និងប្រភេទសត្វកម្រជាច្រើនទៀត ការបង្កើតឱ្យមានផ្សារទំនើបខ្នាតតូច (Mart) ផ្សាររាត្រី វិថីម្ហូបអាហារ (Food Street) និងតភ្ជាប់ទេសចរណ៍ផ្លូវទឹកពីកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតមកខេត្តកែប ក៏ដូចជាការបង្កើតពិធីបុណ្យ និងព្រឹត្តិការណ៍ទេសចរណ៍នានាជាដើម៕

អត្ថបទថ្មី
;