ខេត្តកំពង់ចាម នឹងមានប្រព័ន្ធធារាសាស្រ្តទំនើបដែលជាជំនួយពី ADB
- 2021-01-18 01:18:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តកំពង់ចាម នឹងមានប្រព័ន្ធធារាសាស្រ្តទំនើបដែលជាជំនួយពី ADB
ចន្លោះមិនឃើញ
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ដ៏ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គម្រោងសាងសាង់ប្រព័ន្ធធារាសាស្រ្តទំនើបនេះ ជាជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ ៣០% ប៉ុណ្ណោះ។
មិនចំពោះតែគម្រោងនេះ បណ្តាគម្រោងផ្សេងៗទៀតដែលសហការជាមួយប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាសុទ្ធតែជួបភាពរាំងស្ទះដោយសារការពិបាកធ្វើដំណើររចុះពិនិត្យវាយតំលៃមុននឹងអាចដំណើរសាងសង់របស់ក្រុមជំនាញការបរទេស ក្នុងបរិបទការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ ។
សូមបញ្ជាក់ថា ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន៖
-ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥,៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧,១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨,១៧ គីឡូម៉ែត្រ
-សំណង់សិល្បការតូចធំ ចំនួន ១៩៥កន្លែង
-ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីរដោយចរន្តអគ្គិសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១ កន្លែង។
គម្រោងប្រព័ន្ធធារាសាស្រ្តនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។
លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕