យកព្រិលទៅធ្វើទឹកកកឈូសញ៉ាំ ប៉ះពាល់សុខភាពអត់?
- 2021-01-18 23:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកព្រិលទៅធ្វើទឹកកកឈូសញ៉ាំ ប៉ះពាល់សុខភាពអត់?
ចន្លោះមិនឃើញ
ធ្លាប់នឹកស្រមៃទេថា បើមានព្រិលធ្លាក់ អ្នកនឹងយកវាទៅធ្វើជាទឹកកកឈូស និងការ៉េមញ៉ាំលេង? យ៉ាងណាមិញ អ្នកក៏ប្រហែលជាធ្លាប់លួចគិតផងដែរថា តើការធ្វើដូច្នេះមានគ្រោះថ្នាក់ដែរឬអត់? ជាទូទៅ ការញ៉ាំ ឬយកព្រិលមកផឹក មិនបង្កជាគ្រោះថ្នាក់អ្វីឡើយចំពោះសុខភាព លើកលែងតែកត្តាមួយចំនួនប៉ុណ្ណោះ។
ព្រិលគឺជាប្រភេទទឹកដែលកកនៅក្នុងស្រទាប់បរិយាកាសលើមេឃ។ ហេតុដូច្នេះហើយវាមានភាពបរិសុទ្ធជាងប្រភេទទឹកភ្លៀងភាគច្រើន ហើយជួនកាលអាចល្អជាងទឹកនៅក្បាលម៉ាស៊ីនរ៉ូប៊ីណេទៀតផងក៏ថាបាន។ អ្នកនិយមបោះតង់តាមព្រៃ ឬអ្នកឡើងភ្នំនៅជុំវិញពិភពលោក បានប្រើប្រាស់ព្រិលជាប្រភពទឹកផឹករបស់ពួកគេ ដោយមិនទទួលនូវផលប៉ះពាល់អ្វីនោះទេ។ ចំណែកអ្នកនៅទីក្រុង ឬទីប្រជុំជនវិញ ក៏អាចយកព្រិលមកប្រើប្រាស់ជាទឹកផឹក ឬបង្អែមបរិភោគបានដូចគ្នា ប៉ុន្តែត្រូវចេះសង្កេតពីបញ្ហាមួយចំនួនជាមុនសិន។
ជាចម្បងគឺអ្នកមិនត្រូវយកព្រិលដែលទើបធ្លាក់ភ្លាមៗមកទទួលទាននោះឡើយ ព្រោះមុនធ្លាក់មកដី ព្រិលបានធ្លាក់ចូលក្នុងស្រទាប់ខ្យល់ដែលមានលាយឡំជាមួយសារធាតុដី និងគីមីមួយចំនួន។ ដូច្នេះហើយត្រូវរង់ចាំប៉ុន្មានម៉ោងសិនទម្រាំសារធាតុដី និងគីមីទាំងនោះរលាយអស់ទៅតាមព្រិលដែលទើបធ្លាក់ភ្លាមៗ។ បញ្ហាមួយទៀតដែលគួរដឹងនោះគឺកន្លែងដែលអ្នកយកព្រិលមកញ៉ាំ។ គប្បីរើសយកកន្លែងណាដែលមានអនាម័យ ហើយជៀសវាងរើសព្រិលពីកន្លែងដែលនៅក្បែរទីតាំងកង្វក់មិនស្អាតដូចជា គំនរសំរាម ភ្នំភ្លើង ផ្លូវសាធារណៈ ឬរោងចក្រគីមី ជាដើម។
រឿងមួយទៀតដ៏សំខាន់មិនគួររំលងនោះគឺពណ៌របស់ព្រិល។ បើព្រិលមានពណ៌ ស ក្បុសល្អ អ្នកអាចញ៉ាំវាដោយគ្មានបញ្ហា។ ប៉ុន្តែបើខុសពីពណ៌ ស ដាច់ខាតមិនត្រូវបរិភោគសោះឡើយ។ ជាឧទាហរណ៍ ព្រិលពណ៌លឿង បង្ហាញថា ព្រិលទទួលរងនូវការខូចគុណភាព ជាពិសេសដោយសារទឹកនោម។ ចំណែកបើមានពណ៌ក្រហម ឬបៃតង បង្ហាញថា ក្នុងព្រិលមានសារធាតុស្លែ ឬសារ៉ាយ មិនល្អចំពោះសុខភាពទេ។ ពណ៌ដែលគួរប្រុងប្រយ័ត្នផ្សេងៗទៀតមានដូចជា ខ្មៅ ត្នោត និងប្រផេះ ព្រោះសុទ្ធតែមានសារធាតុកង្វក់ជាច្រើនខុសៗគ្នា៕