ឥណ្ឌា បង្ហាញគម្រោងជំនួយអភិវឌ្ឍន៌ វិនិយោគជាច្រើន និងជួសជុលអភិរក្សប្រាសាទព្រះវិហារ
- 2021-01-20 05:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា បង្ហាញគម្រោងជំនួយអភិវឌ្ឍន៌ វិនិយោគជាច្រើន និងជួសជុលអភិរក្សប្រាសាទព្រះវិហារ
ចន្លោះមិនឃើញ
លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីគម្រោងជំនួយអភិវឌ្ឍន៍ និងវិនិយោគជាច្រើននៅកម្ពុជា ក្នុងនោះក៏មានការជួសជុលអភិរក្សប្រាសាទព្រះវិហារ ការជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទរួមទាំងអណ្តូងស្នប់ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ គ្រុនឈាម ជាដើម។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២០។
ជាមួយគ្នានេះលោកស្រីក៏បានប្តេជ្ញាថានឹងខិតខំជំរុញ ដល់វិនិយោគិនឥណ្ឌាមកបណ្ដាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើន ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមបែបឌីជីថល ហើយគាំទ្រហិរញ្ញប្រទានដល់ការកសាងផ្លូវល្បឿនលឿនក្នុងតំបន់អាស៊ាន។
លោកស្រីអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានរដ្ឋសភាដែលថា ចំពោះសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានស្នើដល់ប្រទេសឥណ្ឌជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកស្រីនឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាបនិងសម្រេចនៅក្នុងកិច្ចការនេះ៕
ប្រភព៖ ហ្វេសបុក សម្ដេច ហេង សំរិន