Prada បញ្ចប់កុងត្រាលានដុល្លារជាមួយ Zheng Shuang ត្រឹមតែ ៩ថ្ងៃ
- 2021-01-21 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Prada បញ្ចប់កុងត្រាលានដុល្លារជាមួយ Zheng Shuang ត្រឹមតែ ៩ថ្ងៃ
ចន្លោះមិនឃើញ
តំណាងនៅអាស៊ីរបស់ម៉ាកសម្លៀកបំពាក់លំដាប់កំពូល Prada បានជួបរឿងអាស្រូវផ្ទួនៗគ្នា ដែលធ្វើឲ្យអ្នកគ្រប់គ្នាសង្ស័យថាប្រេនមួយនេះកំពុងត្រូវបណ្ដាសារហើយ។
Prada គឺជាប្រេនខោអាវលំដាប់ខ្ពស់មកពីប្រទេសអ៊ីតាលី ដែលត្រូវបានបង្កើតឡើងដោយស្ថាបនិក Mario Prada កាលពីឆ្នាំ ១៩១៣ ដោយលោកគឺជាអ្នកច្នៃម៉ូដខោអាវដែលមានឥទ្ធិពលខ្លាំងនៅលើពិភពលោក។ នៅទ្វីបអាស៊ី Prada មានអ្នកតំណាងល្បីឈ្មោះដូចជា Zheng Shuang, Irene និង Chanyeol ជាដើម។ យ៉ាងណាក្ដី ថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះចិន Zheng Shuang បានពើបប្រទះរឿងអាស្រូវធំបំផុតនៅក្នុងជីវិតរបស់ខ្លួន នោះគឺជួលគេឲ្យបង្កើតកូននៅអាមេរិក តែមិនទទួលយកកូនវិញ។
គិតត្រឹមល្ងាចថ្ងៃទី ១៩ ខែមករា មានមនុស្សជាង៥០០០នាក់ បានដាក់ពាក្យស្នើរសុំឲ្យ Prada ផ្ដាច់កុងត្រាជាមួយតួរឿង F4 ជំនាន់ថ្មី។ មនុស្សជាច្រើនបានលើកឡើងថា ប្រេនកំពូលមួយនេះកំពុងត្រូវបណ្ដាសារគេហើយ ទើបជួបរឿងមិនចប់។
ដល់យប់ថ្ងៃទី ១៩ ខែមករា Prada បានបញ្ចេញលិខិតផ្លូវការថា ក្រុមហ៊ុនខ្លួនបានបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយ ស្រីស្អាត ២៩ឆ្នាំហើយ មានន័យថានាងធ្វើតំណាងឲ្យប្រេននេះបានត្រឹមតែ ៩ថ្ងៃប៉ុណ្ណោះ។ ការសម្រេចចិត្តខាងលើទទួលបានការពេញចិត្តចំនួន ១១ម៉ឺននាក់នៅលើបណ្ដាញសង្គម។ តាមនោះដែរ រាល់រូប និងការបង្ហោះដែលពាក់ព័ន្ធនឹង Zheng Shuang នៅលើទំព័ររបស់ Prada ត្រូវបានលុបចេញទាំងអស់។ ទន្ទឹមនឹងនោះ ប្រេននាឡិកា Lola Rose ក៏បានលុបរូបស្រីស្អាតនេះនៅលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដូចគ្នា។
បណ្ដាញព័ត៌មាន Sina បានវាយតម្លៃថា រឿងអាស្រូវលើកនេះ អាចប៉ះពាល់ដល់អាជីពរបស់ Zheng Shuang ខ្លាំង ដែលធ្វើឲ្យនាងពិបាកយកកេរ្តិ៍ឈ្មោះដូចមុនមកវិញណាស់៕