លទ្ធផល​សង់​ផ្លូវកាត់​ពី​បាត់ដំបង ទៅកោះកុង បន្ទាប់ពីបើកការដ្ឋាន​ជិត​មួយឆ្នាំ

  • 2021-01-26 01:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ជាតិលេខ១០ ដែល​តភ្ជាប់ពី​សំឡូតខេត្តបាត់ដំបង អូសោម ខេត្តពោធិ៍សាត់​ ដល់​ខេត្តកោះកុង ប្រវែង​ជិត ១៩៨គីឡូម៉ែត្រ សម្រេច​ការសាងសង់​បាន ៤៣,៧៥ភាគរយ​ហើយ​ គិត​ត្រឹមខែធ្នូ ឆ្នាំ​២០២០។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១។

កាលពីថ្ងៃទី២៤មករា លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យផ្លូវជាតិលេខ១០ ដោយមានការសហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យផ្លូវជាតិ​នេះ គឺក្នុងគោលបំណង តាមដានវឌ្ឍនភាពសាងសង់ និងដើម្បីធានាបានគុណភាពក្នុងការអនុវត្តស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ ដោយត្រូវធ្វើបែបណាក្លាយជាផ្លូវដែលផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់ ជាកត្តាអាចទាក់ទាញភ្ញៀវអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។

លោកបានក្រេីនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។

​សូមជម្រាប​ថា ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋាន​សាងសង់ក្រោមអធិបតីភាព​សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០។ ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;