ប្ដី​​ប្រពន្ធ​មហាសេដ្ឋី​កាណាដា បន្លំ​ធ្វើ​កម្មករ​ដើម្បី​បាន​ចាក់​វ៉ាក់សាំង កូវីដ​១៩

  • 2021-01-28 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Rodney Baker និង​ប្រពន្ធ ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​កាណាដា ត្រូវ​បាន​គេ​ចោទ​ថា​ជួល​យន្តហោះ​ឯកជន​ជិះ​ទៅ​តំបន់​ដាច់​ស្រយាល បន្លំ​ធ្វើ​ជា​កម្មករ​ដើម្បី​ទទួល​បាន​អាទិភាព​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន The Guardian បាន​រាយការណ៍​ថា CEO របស់​ក្រុមហ៊ុន​ធំ​មួយ​នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា ត្រូវ​បាន​​ជាប់​ទោស​ដោយ​សារ​បន្លំ​ខ្លួន​ធ្វើ​ជា​កម្មករ​ដើម្បី​ទទួល​បាន​អាទិភាព​ចាក់​វ៉ាក់សាំង​កូវីដ ១៩ មុន​​គេ។

តាម​នោះ​ដែរ នៅ​ថ្ងៃ​ទី ១៩ ខែ​មករា លោក Rodney Baker អាយុ ៥៥​ឆ្នាំ ព្រម​ទាំង​ប្រពន្ធ​​ដែល​ជា​តារា​សម្ដែង​ស្រី Ekaterina អាយុ ៣២​ឆ្នាំ​​​បាន​ជួល​យន្តហោះ​ឯកជន​ដើម្បី​ហោះ​ទៅ​តំបន់ Yukon ជាប់​ព្រំ​ដែន​ជាមួយ​រដ្ឋ​ Alaska ប្រទេស​អាមេរិក។

តាម​ច្បាប់​នៅ​ក្នុង​តំបន់ អ្នក​ដែល​មក​ពី​តំបន់​ផ្សេង ត្រូវ​​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ តែ​ក្រោយ​មក​ដល់​តែ​២​ថ្ងៃ ប្ដី​ប្រពន្ធ​នេះ​បាន​ហោះ​បន្ត​ទៅ​តំបន់ Beaver Creek ដែល​ជា​តំបន់​ដាច់​ស្រយាល​មាន​មនុស្ស​រស់​នៅ​តែ​១០០​នាក់។ តំបន់​នេះ ស្ថិត​ក្នុង​តំបន់​អាទិភាព​បាន​ចាក់​វ៉ាក់សាំង កូវីដ​១៩​មុន​គេ ដោយ​សារ​តែ​ផ្លូវ​លំបាក។ នៅ​ពេល​មក​ទទួល​វ៉ាក់សាំង ប្ដី​ប្រពន្ធ​អ្នក​មាន​នេះ បាន​កុហក​ថា​ ខ្លួន​គឺ​ជា​កម្មករ​របស់​ផ្ទះ​សំណាក់​នៅ​ជិត​នោះ ហើយ​ក្រោយ​ពេល​ចាក់​រួច ពួក​គេ​ក៏​ត្រលប់​ទៅ​ក្រុង​វិញ​ភ្លាម។

យ៉ាងណាក្ដី​ រឿង​នេះ​ត្រូវ​បាន​បែក​ការណ៍​ក្រោយ​ពេល​មន្ត្រី​ក្រសួង​សុខាភិបាល ទៅ​ពិនិត្យ​ជាមួយ​ផ្ទះ​សំណាក់​ខាង​លើ ហើយ​រាយការណ៍​ទៅ​កាន់​នគរបាល​ក្នុង​តំបន់។ នៅ​ពេល​មន្ត្រី​ទៅ​ដល់​ព្រលានយន្តហោះ អ្នក​ទាំង​២​កំពុង​តែ​រៀប​ហោះ​ចេញ​ទៅ Vancouver វិញ។ អ្នក​ទាំង​២​ត្រូវ​ជាប់​ពី​បទ​គេច​ចត្តាឡីស័ក។ បើ​តាម​ច្បាប់​នេះ អ្នក​ដែល​ល្មើស​ត្រូវ​ពិន័យ ១១៥០​ដុល្លារ និង​ជាប់​គុក​៦​ខែ។  ក្រោយ​ពេល​ត្រូវ​បាន​គេ​លាត​ត្រដាង CEO ខាង​លើ​បាន​លាលែង​ពី​តំណែង​ពី​ក្រុមហ៊ុន Great Canadian Gaming ដែល​មាន​កាស៊ីណូ​ជាង​២០​នៅ​កាណាដា៕

ប្រភព៖ nytimes | news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;