ពេលផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្វើហើយ អាចបើកដល់ល្បឿន​ប៉ុន្មាន​គីឡូម៉ែត្រ​ក្នុង១ម៉ោង?

  • 2021-01-29 08:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ចុងឆ្នាំ​២០២០ គម្រោង​សង់​ផ្លូវល្បឿនលឿន​ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ បាន​សម្រេច​លទ្ធផល ៣៩,៩៨ភាគរយ​ហើយ ក្រោយ​បើកការដ្ឋាន​កាលពីខែមីនា ឆ្នាំ​២០១៩។

ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០ ទៅ ១២០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ គិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣។

​សូមជម្រាប​ថា ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)៕

ប្រភព៖ ក្រសួងសាធារណការ​ និងដឹកជញ្ជូន

អត្ថបទថ្មី
;