គ្រួសារ​ហ្វេនតូច​កម្សត់​របស់ Messi៖ "យើងគួរ​តែ​ស្គាល់ Ronaldo ល្អ​ប្រសើរ​ជាង"

  • 2021-01-31 23:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Murataza Ahmadi គឺ​ជា​ក្មេង​សញ្ជាតិ​អាហ្វហ្គានីស្ថាន​១​រូប ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​​ពិភពលោក​ទាំង​មូល​​កាល​ពី​កំឡុង​ឆ្នាំ​២០១៦ បន្ទាប់​ពី​បង​ប្រុស​របស់​​ក្មេង​តូច​នេះ​បាន​បង្ហោះ​រូបភាព​យ៉ាង​កម្សត់​នៅ​លើ​បណ្ដាញ​សង្គម​ ​បង្ហាញ​ពី​ការ​គាំទ្រ​​នៃ​ប្អូន​ប្រុស​ដែល​មាន​ចំពោះ​កីឡាករ​ល្បី Lionel Messi។ ក្នុង​រូបភាព​ Murtaza បាន​ពាក់​ថង់​ប្លាស្ទិក​ ដែល​មាន​សរសេរ​​ហ្វឺត​ឈ្មោះ​និមិត្ត​រូប Messi។ រាល់​គ្នា​រំពឹង​ថា ការ​ដែល​ល្បី​ដូច្នេះ​​នឹង​កែប្រែ​ជីវិត​របស់​ក្មេង​តូច Murtaza បាន។ ប៉ុន្តែ​រឿង​រ៉ាវ​បែរ​ផ្ទុយ​ស្រឡះ​១៩០​ដឺក្រេ ពោល​គឺ​ជីវិត​ក្រុម​គ្រួសារ​របស់​ក្មេង​តូច Murtaza បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ទុក្ខ​ទៅ​វិញ។

ក្រោយ​​​ល្បី​ពី​ការ​បង្ហោះ​រូប​ខាង​លើ ប៉ុន្មាន​ខែ​ក្រោយ​មក​ Murtaza អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន ដោយ​នោះ​គឺ​ជា​ការ​ជួប​​ផ្ទាល់​ជាមួយ​កីឡាករ​ Messi បន្ទាប់​ការ​ប្រកួត​មិត្តភាព​​មួយ​នៅ​ប្រទេស​កាតា​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona។ រូបភាព​របស់​ហ្វេន​តូច​កម្សត់​រូប​នេះ​ជាមួយ​​អាយដល​ ក៏​ផ្ទុះ​ល្បី​សា​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​​ប្រព័ន្ធ​បណ្ដាញ​សង្គម។ នេះ​មិន​ជា​រឿង​ល្អ​ទេ​សម្រាប់ Murtaza? "ខុស" ស្រឡះ​ពី​ការ​គិត​ទាំង​ស្រុង​គឺ​ទីនេះ​ហើយ​ជា​ការ​ទាញ​ទម្លាក់​​ក្រុម​​គ្រួសារ​ Murtaza ឲ្យ​ជួប​ទុក្ខ​លំបាក បន្ថែម​ពី​លើ​ជីវភាព​ដែល​កំពុង​ក្រីក្រ។

ក្រុម​គ្រួសារ Murtaza បាន​រង​ការ​គំរាម​កំហែង​ពី​ក្រុម​​ជ្រុល​និយម​តាលីបង់។ "យោធា​នៅ​ក្នុង​តំបន់​បាន​ហៅ ហើយ​និយាយ​ថា អ្នក​ឯង​ក្លាយ​ជា​អ្នក​មាន​ហើយ​ត្រូវ​​ឲ្យ​លុយ​ទាំង​ដែល​ទទួល​បាន​ពី Messi មក​យើង បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​ចាប់​កូន​ប្រុស​របស់​អ្នក" នេះ​ជា​ការ​ថ្លែង​​របស់​ម្ដាយ Murtaza ដែល​មាន​​ឈ្មោះ​ថា Shafiqa។

ក្រុម​គ្រួសារ Murtaza ធ្លាប់​រំពឹង​ទុក​ថា ក្រោយ​ជួប Messi នោះ​ពួក​គេ​នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​រូបភាព​ណា​មួយ ឬ​ក៏​អាច​មាន​ឱកាស​ធ្វើ​អន្តោប្រវេសន៍​មក​រស់នៅ​អឺរ៉ុប ដូច​ដែល​​កីឡាករ Ronaldo ធ្លាប់​ធ្វើ​ដាក់​ក្មេង​ប្រុស​ស៊ីរី​ម្នាក់ ដោយ​ជួយ​ឲ្យ​គេ​មាន​សិទ្ធិ​​មក​រស់នៅ​​អេស្ប៉ាញ​បាន។ យ៉ាង​ណា​មិញ ជា​ការ​ពិត Murtaza មិន​ទទួល​បាន​លុយ​សូម្បី​​តែ​១​សេន​ពី​កីឡាករ​ Messi។

ក្រោយ​រង​ការ​គំរាម​ជា​ច្រើន ក្រុម​គ្រួសារ​ Murtaza បាន​សម្រេច​រើ​ផ្ទះ​ចេញ​ពី​ខេត្ត ដែល​ជា​កន្លែង​កំណើត​ទៅ​រស់នៅ​ក្នុង​រដ្ឋធានី Kabul ជាមួយ​បងប្អូន​ទីនោះ។ លំនៅ​ថ្មី​របស់ Murtaza ពិត​ជា​​បង្ក​ផល​វិបាក​ជា​ខ្លាំង​សម្រាប់​ក្មេង​ប្រុស​តូច​ ​ដែល​ចូលចិត្ត​វិស័យ​បាល់ទាត់​យ៉ាង​ខ្លាំង​រូប​នេះ។ Murtaza មិន​អាច​ចេញ​ក្រៅ ហើយ​រាប់​មិត្ត និង​ជាពិសេស​គឺ​មិន​អាច​លេង​បាល់ ព្រោះ​នៅ Kabul មិន​សុវត្ថិភាព​ទេ និង​សម្បូរ​ទៅ​ដោយ​ការ​វាយប្រហារ​ពី​ក្រុម​ភេវរករ។

មួយ​វិញ​ទៀត ទោះ​នៅ​កន្លែង​ថ្មី​ក៏​ដោយ អ្នក​ផ្ទះ​របស់ Murtaza នៅ​ព្រួយ​បារម្ភ​ពី​កូន​ដដែល ដោយ​ខ្លាច​ក្រុម​តាលីបង់​មក​តាម​ចាប់​ Murtaza។ អ្នក​ស្រី Shafiqa បាន​និយាយ​ថា "ពួក​គេ​ប្រាប់​ថា ប្រសិន​បើ​ពួក​គេ​ចាប់​គាត់​បាន (Murtaza) ពួក​គេ​នឹង​កាប់​ជា​ចំណែក​តូចៗ"។

ត្បិត​អី​មាន​បញ្ហា​បាន​កើត​ឡើង​ច្រើន​ចំពោះ​ជីវិត តែ​ក្មេង​តូច Murtaza នៅ​តែ​អះអាង​ប្រាប់​គេ​​ឯង​ថា ខ្លួន​​នៅ​តែ​ស្រឡាញ់​​ពេញ​ចិត្ត​ពេញ​ថ្លើម​​ខ្លាំង​ចំពោះ Messi។ ពេល​ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ថា បើ​ដឹង​រឿងរ៉ាវ​មុន​ដូច្នេះ តើ​ឯង​នៅ​ពាក់​អាវ​គាំទ្រ Messi ទៀត​ទេ? Murtaza ឆ្លើយ​ថា "ខ្ញុំ​នឹង​នៅ​តែ​ពាក់​វា ព្រោះ​ខ្ញុំ​ស្រឡាញ់ Messi"៕

ប្រភព៖ La Opinion ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;