រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ប្រកាស​មូលហេតុ​នៃការស្លាប់​ពលករខ្មែរម្នាក់​ដែលមកពីថៃ

  • 2021-02-03 02:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រកាស​ឱ្យដឹងថា ស្រ្តី​ខ្មែរ​ជាពលករដែលមកពីប្រទេសថៃ អាយុ២២ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុកព្រះនេត្រព្រះ បាន​ស្លាប់​កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយសារ​មានបូស​នៅក្នុងខួរក្បាល ពុំមែន​ស្លាប់​ដោយសារជំងឺកូវីដ១៩នោះទេ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​រដ្ឋបាលខេត្ត​បញ្ជាក់​ថា ពលករខាងលើ និងប្តី បាន​មកដល់កម្ពុជា តាម​ច្រក​ចំបក់ ស្រុកម៉ាឡៃ នៅថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ និង​បាន​បញ្ជូន​មកដល់​មណ្ឌល​ចត្តាឡីស័កវិទ្យាល័យម៉ាឡៃ។ ស្រ្តីរូបនេះ មានអាការៈតម្អូញ ឈឺក្បាល​ ក្តៅខ្លួនខ្លាំង (៣៩,៥អង្សារ) និងមាន​ក្អួតចង្អោរ។ ដោយ​ពិនិត្យ​ឃើញអាការៈ​ធ្ងន់ធ្ងរ ទើបក្រុមគ្រូពេទ្យ​ប្រចាំការ បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បង្អែក​ម៉ាឡៃសន្តិភាព ដើម្បីធ្វើការពិនិត្យ​ព្យាបាល និង​តាមដាន​សភាពជំងឺជាបន្ត។

អ្នកជំងឺ និងប្តី ត្រូវបាន​យកសំណាក​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គឺមានលទ្ធផល អវិជ្ជមាន។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១ ស្រ្តីរូបនេះ ត្រូវបាន​បញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ​ខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ គ្រូពេទ្យ​បាន​ពិនិត្យ​ និងសួរប្រវត្តិអ្នកជំងឺឃើញថា អ្នកជំងឺ​មានប្រវត្តិ​ឈឺក្បាល​រយៈពេល ២ខែមកហើយ និងមាន​អាការៈ​ឈឺក្បាល​កាន់តែខ្លាំង ក្អួត រឹងក និងពិបាកកម្រើក ឈឺពោះ វង្វេង​ស្មារតី។

សភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ទោះក្រុមគ្រូពេទ្យ​ខំសង្គ្រោះយ៉ាងណា ក៏នៅតែមិនអាចជួយសង្គ្រោះបានឡើយ ហើយនៅទីបំផុតបានទទួលមរណភាព​នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមូលហេតុបូសក្នុងខួរក្បាល៕

អត្ថបទថ្មី
;