ស្ពានឆ្លងកាត់​ទន្លេមេគង្គ​នៅខេត្តក្រចេះនឹងបើកការដ្ឋានឆ្នាំនេះ ខណៈស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងសម្ពោធខែក្រោយ

  • 2021-02-04 02:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ស្ពាន​ឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ នឹងបើកការដ្ឋានសាងសង់​នៅក្នុងឆ្នាំ​២០២១នេះ។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​សម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរយានធុនធ្ងន់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
យ៉ាងណាមិញ លោកមិនបាន​បញ្ជាក់​លម្អិត​អំពីកាលបរិច្ឆេទ​ពិតប្រាកដ​នៃការបើកការដ្ឋាន​សាងសង់ស្ពាននេះទេ។ ការសាងសង់ស្ពាននេះ គ្រោងនឹងប្រើប្រាស់​ថវិការបស់​ប្រទេសចិន។

គួរ​រំលឹកថា ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ​ក្រចេះ នៅក្នុងខេត្តក្រចេះ កាលពីខែមេសា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​ប្រកាស​សាងសង់ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ក្នុងខេត្តនេះ ដើម្បី​បង្កើត​ការងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នកនៅខេត្តក្រចេះ ជាមួយ​អ្នកខេត្តកំពង់ធំ និងសៀមរាប។ សម្តេច​អះអាង​ថា ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​ពីខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​កំពង់ធំ គឺ​មាន​ចម្ងាយ​តែ ១២៩គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

ជាមួយគ្នានេះ​ លោក ស៊ុន ចាន់ថុល ក៏បាន​ប្រកាសឱ្យដឹងដែរថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ នឹង​បើកសម្ពោធជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ​២០២១​ខាងមុខនេះ។

ស្ពាននេះ​មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង​សរសៃដែក ។ ស្ពាន​នេះ​ត្រូវបាន​បើកការដ្ឋាន​សាងសង់​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​គ្រោងចំណាយ​ថវិកាសរុប​ជាង ៥៦លានដុល្លារ៕

អត្ថបទថ្មី
;