គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅសៀមរាប នឹងសម្រេចឱ្យបាន ៦៧% ក្នុងឆ្នាំនេះ
- 2021-02-07 05:37:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅសៀមរាប នឹងសម្រេចឱ្យបាន ៦៧% ក្នុងឆ្នាំនេះ
ចន្លោះមិនឃើញ
អ្នកជំនាញនៃក្រុមការងារចិនដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧%។ ក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០% ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយ៥១គីឡូម៉ែត្រពីក្រុងសៀមរាបនេះ គ្រោងនឹងពន្លឿនការសាងសង់ ដើម្បីអាចបញ្ចប់ការសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ។
អ្នកជំនាញចិនរូបនោះ ការឲ្យដឹងយ៉ាងដូច្នេះទៅកាន់ប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តសៀមរាប លោក ទៀ សីហា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។
ការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥%។ ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។ ក្នុងនោះដែរក៏ធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ម៉្យាងទៀត ការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសរុប៣៦ខែ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប