នេះជាចំនួន គ្រាប់មិនទាន់ផ្ទុះ ស្រង់ចេញពីនាវាចម្បាំងលិចក្នុងទន្លេ​មេ​គង្គ តាំងពីឆ្នាំ១៩៧២

  • 2021-02-10 02:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន​អញ្ជើញចុះពិនិត្យការដ្ឋានបោស​សម្អាតគ្រាប់មិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងបានលិចក្នុងទន្លេ​មេ​គង្គ តាំងពីឆ្នាំ១៩៧២ នៅក្នុងឃុំមាន​ជ័យ ស្រុកស្រីសន្ធរ។ ពិធីចុះពិនិត្យ​នេះ ធ្វើ​ឡើង​ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

តាមការបញ្ចាក់ពីឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោស សម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឱ្យដឹងថា «កិច្ចប្រតិបត្តិការនាពេលនេះ ប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៥៣ ៧៧០គ្រាប់ ទម្ងន់សរុបប្រមាណ ៨ ១០០គីឡូក្រាម ហើយពេលបច្ចុប្បន្ននេះ កម្លាំងជំនាញទើបនឹងចូលមកដល់ក្លូបទី១នៃតួនាវា ប៉ុន្តែនាវានេះជាប្រភេទនាវាធំ ដឹកសម្ភារសឹកធំ មានប្រវែងរហូតដល់៤០ម៉ែត្រ ទទឹងប្រមាណជា ៥,៥ម៉ែត្រ និងមានជម្រៅទឹក ៤,៥០ម៉ែត្រ ដូច្នេះ ក្នុងមួយក្លូបផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១០តោន»។

គ្រាប់យុទ្ធភ័ណទាំងនោះរួមាន៖ គ្រាប់AK47, គ្រាប់ត្បាល់៦០មីលីម៉ែត្រ, គ្រាប់ត្បាល់៨១មីលីម៉ែត្រ, គ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រ សរុបជាង៥០០កេសធំតូច បានស្រង់ពីនាវា ចម្បាំងលិចក្នុងសម័យសង្គ្រាមនាឆ្នាំ១៩៧២ នៅបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា៖ ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅអំឡុងខែឧសភា ឱ្យទាន់មុនរដូវវស្សា ប៉ុន្តែស្ថានភាពជាក់ស្តែងក្រុមការងារជំនាញពិបាកសន្និដ្ឋាន ព្រោះទំហំនាវានេះ មានទំហំធំ មិនអាចប៉ាន់ប្រមាណទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះទេ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

អត្ថបទថ្មី
;