នាវា​ចិន​ ចូលទៅ​ជិត​កោះ​មានជម្លោះជាមួយជប៉ុន ក្រោយ​ទទួលបាន​សិទ្ធិពិសេស​ឱ្យបាញ់​នាវាបរទេស

  • 2021-02-16 02:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវាឆ្មាំសមុទ្រ​ចិន​មួយគ្រឿង​ដែល​មាន​បំពាក់​កាំភ្លើងធំ បាន​ចូល​ជិតប្រជុំ​កោះសេនកាគូ​ដែលកំពុងមានជម្លោះជប៉ុន នៅថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​នេះ​គឺជាលើកដំបូងហើយ​បន្ទាប់ពី​ចិន បាន​អនុម័តច្បាប់​អនុញ្ញាតឱ្យឆ្មាំសមុទ្ររបស់ខ្លួន បាញ់​នាវាបរទេស​ដែលចូលដែនទឹករបស់ខ្លួន។

នាវាឆ្មាំសមុទ្រចិន ដែលមានបំពាក់កាំភ្លើងធំ
ឆ្មាំសមុទ្រ​ជប៉ុន​បាន​ឱ្យដឹងថា នាវាចិនទាំងអស់​៤គ្រឿង បាន​ចូលតំបន់​ជម្លោះ​នៅអំឡុង​ម៉ោង ៤កន្លះព្រឹកទាបភ្លឺ ក្នុងនោះមាន២គ្រឿង​ (ដែលអត់មានកាំភ្លើងធំ) បាន​ចូលជិតទូកនេសាទជប៉ុន​ដែលមានការយាមកាម​ដោយ​ទូកល្បាតជប៉ុន។ ចំណែក​១គ្រឿងដែលមានកាំភ្លើងនោះ ចូលទៅជិត​កោះសេនកាគូ ឬចិនហៅថាកោះទាវយូ។

គួរដឹងថា កាលពីម្សិលមិញ​នេះ​នាវាចិន​ (អត់មានកាំភ្លើង) ក៏បាន​ចូល​ទៅជិតកោះសេនកាគូដែរ ហើយត្រូវបានជប៉ុនដាក់​ញត្តិតវ៉ាទៅក្រុងប៉េកាំង​ចំពោះ​ករណីនេះរួចមកហើយ។

រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Katsunobu Kato បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​កាលពីថ្ងៃទី១៥ កុម្ភៈ​ថា «សកម្មភាព​ទាំងនេះ​របស់​ឆ្មាំសមុទ្រចិន គឺជាការបំពាន​ច្បាប់​អន្តរជាតិ និង​ចាត់ទុកថាជាការលុកលុយ​ដែលមិនអាចអត់ឱនឱ្យបានឡើយ»។

សូមរំលឹក​ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១ ប្រទេសចិន បាន​អនុម័តច្បាប់មួយ​ ដែល​ផ្តល់​អំណាច​ឱ្យឆ្មាំសមុទ្រ​របស់ខ្លួន ​អាច​បាញ់​នាវាបរទេស​ដែល​ចូល​ក្នុងដែន​អធិបតេយ្យរបស់ខ្លួន។ ច្បាប់នេះ គឺ​អនុញ្ញាតឱ្យ​ឆ្មាំ​សមុទ្រ​មានសិទ្ធិ​ចាត់វិធានការ​ចាំបាច់​ទាំងអស់ រួមមាន​ទាំងការ​ប្រើប្រាស់​អាវុធ នៅពេល​ដែល​អធិបតេយ្យភាព បូរណភាព ​និង​យុត្តាធិការ​របស់​ចិន ត្រូវបាន​រំលោភ​ដោយ​បរទេស​នៅ​ដែន​សមុទ្រ។

ច្បាប់​នេះ ក៏​ផ្តល់អំណាច​ឱ្យ​ឆ្មាំសមុទ្រ​ចិន អាច​កម្ទេច​រចនាសម្ព័ន្ធរបស់​ប្រទេសនានា ដែល​សង់​នៅ​ក្នុងតំបន់​សមុទ្រ ដែល​ចិន​អះអាង​ថាជាតំបន់របស់ខ្លួន ឬចាប់រឹបអូសនាវាបរទេស ឬ​បណ្តេញចេញ​​ពី​ដែន​ទឹកចិន​ផងដែរ៕

ប្រភព៖ Japantimes

អត្ថបទថ្មី
;