កូរ៉េខាងត្បូង កំពុងចរចាជាមួយយោធាមីយ៉ានម៉ា ក្រោយរកឃើញបំណែកយន្តហោះ
- 2021-02-18 09:15:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង កំពុងចរចាជាមួយយោធាមីយ៉ានម៉ា ក្រោយរកឃើញបំណែកយន្តហោះ
ចន្លោះមិនឃើញ
រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងធ្វើការចរចាជាមួយយោធាមីយ៉ាន់ម៉ា អំពីលទ្ធភាពនៃការបញ្ជូនក្រុមស្រាវជ្រាវទៅស៊ើបអង្កេតបំណែកយន្តហោះមួយដែលបានរកឃើញក្នុងសមុទ្រមីយ៉ាន់ម៉ា ដោយសង្ស័យថា ជាបំណែកនៃយន្តហោះកូរ៉េមួយគ្រឿងដែលបានធ្លាក់កាលពីឆ្នាំ១៩៨៧។ នេះបើតាមការបញ្ជាក់របស់លោក Chung Eui-yong រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំសភានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
វាអាចជាបំណែកនៃជើងហោះហើរលេខ ៨៥៨ របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Airlines ដែលផ្ទុះឆេះនៅលើអាកាសក្នុងអំឡុងធ្វើដំណើរពីក្រុងបាដាត ទៅកាន់ក្រុងសេអ៊ូល ហើយបានបាត់ខ្លួននៅលើមហាសមុទ្រឥណ្ឌា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៨៧។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យមនុស្សនៅលើយន្តហោះប្រមាណ ១១៥នាក់ ស្លាប់ទាំងអស់។
អាជ្ញាធរកូរ៉េខាងត្បូងកាលពីពេលនោះ បានសន្និដ្ឋានថា ការផ្ទុះយន្តហោះនេះ បង្កឡើងដោយការបង្កប់គ្រាប់បែកក្នុងយន្តហោះរបស់ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង។
ការចរចារវាងប្រទេសទាំងពីរធ្វើឡើង ក្រោយប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍នៅដើមឆ្នាំ២០២១ថា បំណែកយន្តហោះនេះត្រូវបានរកឃើញក្នុងសមុទ្រ Andaman នៃប្រទេសមីយ៉ាន់ម៉ា។
លោករដ្ឋមន្រ្តីនិយាយថា៖ «យើងកំពុងពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ា ដើម្បីបញ្ជូនក្រុមស្រាវជ្រាវរបស់រដ្ឋាភិបាលទៅទីនោះ អាចធ្វើឡើងនៅដើមខែមីនាខាងមុខ»។
គួររំលឹកថា ដំបូងឡើយប្រទេសទាំងពីរព្រមព្រៀងគ្នាក្នុងការបញ្ជូនក្រុមស្រាវជ្រាវនេះទៅហើយ ប៉ុន្តែក្រោយមានការធ្វើរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ា ធ្វើឱ្យរឿងនេះត្រូវចរចាជាថ្មី។
លោក Chung ថា «យើងបានព្រមព្រៀងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោកស្រី ស៊ូជី រួចហើយ តែដោយសារស្ថានភាពផ្លាស់ប្តូរ ដូច្នេះយើងត្រូវតែពិភាក្សាជាមួយអ្នកកាន់អំណាចថ្មី»៕