ប៉ះគ្នា​មួយប្រាវជាមួយ​ឥណ្ឌាឆ្នាំមុន! ចិន ទើបតែ​ប្រកាស​ចំនួន​កងទ័ព​ដែល​ស្លាប់

  • 2021-02-19 09:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ក្រសួងការពារជាតិ​ចិន ទើបតែប្រកាស​ថាកងទ័ពចិន ៤បាននាក់​បានស្លាប់ ក្នុង​ការប៉ះទង្គិចមួយប្រាវ​ជាមួយ​ឥណ្ឌា កាលពីពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០២០។ ក្នុងជម្លោះ​នេះ ទាហាន​ឥណ្ឌាបានស្លាប់​យ៉ាងហោចណាស់ ២០នាក់។

ក្រសួង​បន្តថា កងទ័ព​ចិន​ទាំង៤នាក់ បាន​ស្លាប់​ក្នុងអំឡុងការ​ប្រឈមមុខដាក់​គ្នាជាមួយ​យោធាបរទេស (ឥណ្ឌា) នៅ​តំបន់​ព្រំដែន Galwan Valley។ អ្នកស្លាប់​គឺជាមេបញ្ជាការ​កងវរសេនាតូច​ឈ្មោះ Chen Hongjun និង​កូនទាហាន ៣នាក់​របស់​គាត់។

​ក្រសួង​ការពារ​ជាតិ​ចិន បាន​បន្ទោស​ថា​ ការផ្ទុះជម្លោះនេះ​គឺដោយ​សារតែទាហានបរទេសនោះ (ឥណ្ឌា) បាន​បំពាន​កិច្ចព្រមព្រៀង​ព្រំដែន​រវាង​ប្រទេសទាំងពីរ ពោលគឺបាន​ចោទកងទ័ព​ឥណ្ឌាថា បានឆ្លងចូលទឹកដីរបស់ខ្លួន។

គួររំលឹក​ថា ក្នុងពេល​ផ្ទុះជម្លោះភ្លាមៗនោះ ក្រុងប៉េកាំង​មិនបាន​បញ្ជាក់​ពី​ចំនួន​កងទ័ព​ខ្លួន​ដែលរងរបួសនោះទេ ផ្ទុយពីឥណ្ឌា ដែលបាន​បញ្ចេញ​តួលេខនៃការស្លាប់​របស់​កងទ័ពខ្លួន​ជាបន្តបន្ទាប់។

ក្រោយជម្លោះនេះ ក្រសួង​កិច្ចការ​ក្រៅប្រទេស​របស់​ឥណ្ឌា ចោទថា ចិនបាន​បំពាន​កិច្ចព្រមព្រៀង​​មិនគោរព​ខ្សែបន្ទាត់​ព្រំដែន​ Line of Actual Control (LAC) នៅតំបន់​ខាងលើ។

យ៉ាងណាមិញ ភាគីទាំងពីរ​បាន​បញ្ជាក់​ថា ការប៉ះទង្គិចគ្នានេះ​ គឺមិនមែន​ប្រើកាំភ្លើង​បាញ់គ្នាឡើយ។ តាមប្រព័ន្ធផ្សព្វផ្សាយ​ខ្លះថា កងទ័ពទាំងពីរបាន​ប្រើដុំថ្ម និង​ដំបង វាយប្រហារគ្នា។ ក្នុងនោះ​កងទ័ព​ឥណ្ឌា ត្រូវបានកងទ័ពចិន​វាយរហូតដល់ស្លាប់។

គិតចាប់ពីឆ្នាំ ១៩៧៥មក គ្មានកងទ័ព​ឥណ្ឌាណាម្នាក់​បានស្លាប់​ក្នុងការប៉ះទង្គិច​គ្នា​ជាមួយកងទ័ព​ចិន នៅតំបន់ព្រំដែនឡើយ ពោលគឺ​នេះ​ជាលើកដំបូងហើយ។ កងទ័ព​ទាំងពីរ​បានប្រឈមមុខដាក់គ្នាតាមបណ្តោយព្រំដែន​ខាងលើ ចាប់តាំងពីខែមេសាមក ដោយ​ឥណ្ឌា បានចោទថា ចិន​បញ្ជូន​កងទ័ព​រាប់ពាន់នាក់ ឈ្លានពាន​ចូល​ទឹកដីរបស់ខ្លួន៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;