ស្រ្តី​នគរបាល​ដែលឆ្លងកូវីដ បាន​ទៅចូលរួម​មង្គលការ​នៅស្រុកកំចាយមារ កាលពីថ្ងៃទី១៧កុម្ភៈ

  • 2021-02-23 09:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រ្តី​ជានគរបាលជាតិម្នាក់ ដែលឆ្លងកូវីដ១៩ បាន​ទៅចូលរួម​ពិធីមង្គលការ​មួយកន្លែង​ស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២១។ ការណ៍នេះ ធ្វើឱ្យ​មនុស្ស ៤១នាក់ និងអ្នកពាក់ព័ន្ធប្រយោល​ផ្សេងទៀត ត្រូវ​យកសំណាក​ទៅពិនិត្យ និងធ្វើចត្តាឡីស័ក។ នេះបើតាម​ការចុះផ្សាយរបស់ Fresh News នៅថ្ងៃទី២៣កុម្ភៈនេះ ដោយដកស្រង់សម្តីលោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង។

រូបតំណាង
ស្រ្តីនគរបាលខាងលើ​មានអាយុ ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា អ្នកជំងឺម្នាក់នេះដែលមានប្តីជនជាតិចិន មានទីលំនៅអគារ Skyline ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតជាបានមកចូលរួមក្នុងពិធី មង្គលការនៅភូមិទួលសង្កែទទឹងឃុំជាច ស្រុកកំចាយមារកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ពិតមែន។ ម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន៨០០នាក់។

ប្រភពដដែលបន្តថា អ្នកជំងឺបានមកពីភ្នំពេញដល់រោងការនៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយមានអ្នករួមដំណើរចំនួន ៤នាក់សរុប ៥នាក់ ប៉ុន្តែតាមការអះអាងរបស់ម្ចាស់ផ្ទះថាអ្នកទាំង ៥នាក់នោះ មិនបានទៅចូលរួមពិសាអាហារ នៅក្នុងរោងការទេ គឺហូបអាហារនៅតុក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមទុកអាហារក្រៅពីពួកគាត់ ៥នាក់នោះទេ។

យ៉ាងនេះក្តីអ្នកទាំង ៥នាក់ ក្រៅពីអង្គុយនៅតុបាយ គឺពួកគាត់ក៏បានចេញចូលក្នុងបន្ទប់អនាម័យផងដែរ ដូច្នេះមិនដឹងថា តើអ្នកណាខ្លះបានប្រើប្រាស់បន្ទប់អនាម័យនោះក្រៅពីពួកគាត់ និងម្ចាស់ផ្ទះទាំងបីនាក់ និងអ្នកណាខ្លះដែលបានមកដល់ប៉ះពាល់តុ និងចានអាហាររបស់ពួកគាត់ក្រោយពេលពួកគាត់ចេញទៅវិញ នៅវេលាម៉ោង ៤រសៀលជាងនោះដែរ៕

អត្ថបទថ្មី
;