ការប្រឡងប្រណាំងស្តង់ដាវិថីលក់ម្ហូបអាហារសម្រាប់ខេត្តកំពង់ធំ
- 2021-02-24 03:55:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រឡងប្រណាំងស្តង់ដាវិថីលក់ម្ហូបអាហារសម្រាប់ខេត្តកំពង់ធំ
ចន្លោះមិនឃើញ
លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រណាំងប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅវិថីដំរីជាន់ខ្លា និងផ្លូវលេខ៧ ភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា ការប្រឡងប្រណាំងវិថីលក់ម្ហូបអាហារនេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៨ ឆ្នាំ២០២០ ៖ ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ និងបេតិកភណ្ឌម្ហូបអាហារខ្លួន សំដៅចូលរួមជំរុញឱ្យមានភាពសំបូរបែបនៃម្ហូបអាហារនិងត្រូវ “ក្រុង/ខណ្ឌមួយត្រូវមានវិថីលក់ម្ហូបអាហារមួយយ៉ាងតិច” “ស្រុកមួយត្រូវមានវិថីលក់ម្ហូបអាហារមួយយ៉ាងតិច” ។
លើសពីនេះទៀត ដើម្បីស្របតាមស្តង់ដាទីក្រុងស្អាត ។ ហើយនឹងរំពឹងថាវិថីលក់ម្ហូបអាហារនេះ នឹងក្លាយជាផលិតផលទេសចរណ៍មួយថ្មីទៀតសម្រាប់ខេត្តកំពង់ធំសម្រាប់ជម្រុញទេសចរណ៍ក្នុងស្រុកតាមតថភាពបច្ចុប្បន្ន។ គួររំលឹកផងដែរថា វិថីលក់ម្ហូបអាហារនេះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានសហការរៀបចំដោយទទួលបានជោគជ័យ ០២ លើករួចមកហើយ៖ ទី១. ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅខេត្តកំពត ទី២. ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារខេត្តបាត់ដំបង ចំពោះគោលដៅបន្តក្នុងការរៀបចំវិថីលក់ម្ហូបអាហារគឺខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ៕