ព្រឹកនេះ​កូរ៉េខាងត្បូង ​ចាប់ផ្តើម​ចាក់វ៉ាក់សាំងដែល​ចុះបញ្ជីនៅអង្គការ WHO ហើយ

  • 2021-02-26 04:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កូរ៉េខាងត្បូង បាន​ចាប់ផ្តើម​កម្មវិធី​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ជាផ្លូវការ​នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ។ វ៉ាក់សាំង​ដែល​កូរ៉េខាងត្បូងប្រើប្រាស់នេះ គឺ​ជាវ៉ាក់សាំង​ AstraZeneca ដែល​សហការផលិតជាមួយ​ក្រុមហ៊ុនក្នុងស្រុក SK Bioscience Co. ហើយ​ដែលត្រូវបាន​អង្គការសុខភាព​ពិភពលោក ចុះបញ្ជី​សម្រាប់ការប្រើប្រាស់បន្ទាន់​កាលពីពេលថ្មីៗនេះ។

អ្នក​ទទួល​ចាក់វ៉ាក់សាំងដំបូងគេ គឺ​គ្រូពេទ្យស្រ្តីវ័យ ៦១ឆ្នាំ ក្នុងក្រុងសេអ៊ូល។ ជាមួយគ្នានោះ គ្រូពេទ្យជាង ៥ពាន់នាក់​នៅតាមមន្ទីរពេទ្យចំនួន២១៣កន្លែង​ដែល​មានអាយុក្រោម ៦៥ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់សាំង​នៅថ្ងៃដំបូងនេះ។

ចាប់តាំងពីថ្ងៃពុធមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ កូរ៉េខាងត្បូង​បាន​ដឹកជញ្ជូន​វ៉ាក់សាំងប្រមាណ ១,៥៧លានដូសបែងចែក​នៅទូទាំង​ប្រទេស។

នៅរសៀលថ្ងៃទី២៦កុម្ភៈនេះ កូរ៉េខាងត្បូង​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ Pfizer តាមរយៈកម្មវិធី COVAX បន្ថែមទៀត​ផងដែរ។ ជារួម​ប្រទេសនេះ ត្រូវការ​វ៉ាក់សាំង ៧៩លានដូស​នៅឆ្នាំ២០២១ ដើម្បី​ចាក់ជូនប្រជាជនខ្លួន​ដែលមាន​ចំនួន ៥១លាននាក់។

កូរ៉េខាងត្បូង មានផែនការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ចំនួន ៣៤៤ ០០០នាក់ នៅត្រឹម​ខែមីនាខាងមុខនេះ៕

ប្រភព៖ Yonhapnews

អត្ថបទថ្មី
;