វីរនារីមីយ៉ាន់ម៉ា ប្រកាសធ្វើរឿងមួយលើហ្វេសប៊ុកមុនរួចស្រេច ព្រោះដឹងថានឹងអស់ជីវិតក្នុងបាតុកម្ម
- 2021-03-06 01:53:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរនារីមីយ៉ាន់ម៉ា ប្រកាសធ្វើរឿងមួយលើហ្វេសប៊ុកមុនរួចស្រេច ព្រោះដឹងថានឹងអស់ជីវិតក្នុងបាតុកម្ម
ចន្លោះមិនឃើញ
យុវតីមីយ៉ាន់ម៉ា Kyal Sin អាយុ១៩ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចបាញ់ចំក្បាលស្លាប់ក្នុងបាតុកម្មកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺធ្លាប់បង្ហោះសារនៅលើហ្វេសប៊ុករួចជាស្រេចថា បើនាងស្លាប់ នាងសុខចិត្តបរិច្ចាគសរីរាង្គរបស់នាងទាំងអស់។
មុនទៅចូលរួមបាតុកម្ម នៅក្រុង Mandalay វីរនារីបាតុកររូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាង ដោយបានដាក់ប្រភេទឈាម និងលេខទូរសព្ទរបស់នាង ហើយថាសរីរាង្គរបស់នាងគឺសម្រាប់យកទៅបរិច្ចាគ ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះរូបនាង។
គួរដឹងថា ក្នុងខ្សែអាត់វីដេអូដែលថតជាប់រូប Kyal Sin ពេលធ្វើបាតុកម្មនោះ គេសង្កេតឃើញនាងពាក់អាវយឺតខ្មៅនិងមានអក្សរអង់គ្លេសថា «Everything will be OK»។ ក្នុងវីដេអូគេបានលឺសំឡេងនាងស្រែកថា «យើងមិនរត់ទេ» ហើយភ្លាមនោះ ស្រាប់តែមានគ្រាប់កាំភ្លើងបាញ់ចំត្រូវក្បាលរបស់នាងតែម្តង។
ពិធីបញ្ចុះសពរបស់នាងត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយមានអ្នកចូលរួមរាប់រយនាក់។ អ្នកចូលរួមភាគច្រើនដែលសុទ្ធតែវ័យក្មេង បានលើកម្រាមដៃ៣ និងស្រែកច្រៀងព្រមគ្នាប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលបណ្តាលឱ្យប្រទេសធ្លាក់ចូលភាពចលាចល។
Kyal Sin ស្ថិតនៅក្នុងចំណោមមនុស្ស៣៨នាក់ ដែលត្រូវបានសមត្ថកិច្ចមីយ៉ាន់ម៉ា បាញ់សម្លាប់ក្នុងការតវ៉ានោះ៕