ក្រៅពី​ធ្វើ​រ៉ុកកែត​និង​ឡាន Elon Musk ក៏​ធ្លាប់​លក់​របស់​ប្លែក​ទាំង​អស់​នេះ​ដែរ!

  • 2021-03-09 05:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេល​​និយាយ​ដល់​​មហាសេដ្ឋី Elon Musk មនុស្ស​ភាគ​ច្រើន​ច្បាស់​ណាស់​គឺ​​​នឹក​​ឃើញ​​ពី​សមិទ្ធផល​ធំៗ​របស់​លោក​ចំនួន​២ ដោយ​មាន​ក្រុមហ៊ុន​រុករក​អវកាស SpaceX និង​ក្រុមហ៊ុន​ផលិត​ឡាន​អគ្គិសនី Tesla។ ប៉ុន្តែ​បើ​តាម​ពិត​ទៅ លោក Elon Musk ក៏​ធ្លាប់​​មាន​ការ​ដាក់​លក់​​ផលិតផល​ផ្សេងៗ​ក្រៅ​តែ​ពី​​ក្រុមហ៊ុន​ធំៗ​ទាំង​២​ខាង​លើ​ផង​ដែរ។

ផលិតផល​របស់​លោក Elon Musk ដែល​ធ្លាប់​លក់ និង​គ្រប់​គ្នា​មិន​សូវ​ជា​ចាប់​អារម្មណ៍​នោះ មាន​ដូចជា៖

១. ខោ​ខ្លី​នារី

នៅ​​ពាក់​កណ្ដាល​ឆ្នាំ​២០២០​កន្លង​ទៅ លោក Elon Musk ធ្លាប់​​ផលិត​ខោ​ខ្លី​សម្រាប់​នារី​ស្លៀក ដោយ​មាន​ដាក់​ពាក្យ​ថា "S3XY" នៅ​គូទ​ខាង​ក្រោយ ឯ​ខាង​មុខ​វិញ​មាន​​ដាំ​​នូវ​ឡូហ្គោ​តូច​មួយ​របស់ Tesla។ ពាក្យ​ថា "S3XY" សំដៅ​លើ​ម៉ូឌែល​រថយន្ត​អគ្គិសនី​របស់ Tesla ដូចជា Model S, Model 3, Model X និង Model Y។ ខោ​នេះ​ដាក់​លក់​មាន​ចំនួន​កំណត់​នៅ​ក្នុង​តម្លៃ ៦៩,៤២​ដុល្លារ។

២. ស្រា​ដប "Teslaquila"

ក្រុមហ៊ុន Tesla បាន​បង្កើត​ប្រភេទ​ស្រា Tequila ផ្ទាល់​ខ្លួន ដោយ​ដាក់​ឈ្មោះ​ឲ្យ​ថា "Teslaquila"។ ស្រា​នេះ​ដាក់​លក់​ក្នុង​តម្លៃ ២៥០​ដុល្លារ ហើយ​មាន​រូបរាង​ដូច​ទៅ​រន្ទះ​ចំណុះ ៧៥០​មីលីលីត្រ។ "Teslaquila" ដាក់​លក់​មាន​កំណត់ ហើយ​ក្រោយ​ពី​ផឹក​ស្រា​នៅ​ខាង​ក្នុង​អស់ មាន​មនុស្ស​មួយ​ចំនួន​បាន​ដាក់​លក់​វា​តាម​អនឡាញ​ថែម​ទៀត​ផង​ក្នុង​តម្លៃ​ចន្លោះ​ពី ៥០០ ដល់ ១០០០​ដុល្លារ ហើយ​ខ្លះ​អាច​ហក់​ដល់​ជាង ១៤០០​ដុល្លារ​ក៏​មាន។

៣. កាំភ្លើង​ព្រួស​ភ្លើង

កាំភ្លើង​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន The Boring Company របស់​លោក Elon Musk កាល​ពី​ឆ្នាំ​២០១៨ ក្នុង​តម្លៃ ៥០០​ដុល្លារ។ កាំភ្លើង​ព្រួស​ភ្លើង​នេះ​មាន​ឈ្មោះ​ថា​ "Not-A-Flamethrower" លក់​បាន​ចំនួន ២០០០០​​គ្រឿង​ឯណោះ ស្មើ​នឹង​តម្លៃ ១០​លាន​ដុល្លារ។

៤. ក្ដារ​ស្គី​លើ​ទឹក

ក្ដារ​ស្គី​នេះ​លក់​នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Tesla ក្នុង​តម្លៃ ១៥០០​ដុល្លារ ជាមួយ​ចំនួន​​លក់​មាន​កំណត់​ត្រឹម​តែ ២០០​បន្ទះ​ប៉ុណ្ណោះ។ នៅ​លើ eBay មាន​​អ្នក​ខ្លះ​លក់​​ក្ដារ​ស្គី​នេះ​បន្ត​បាន​​ដល់​តម្លៃ ១២០០០​ដុល្លារ។

៥. រថយន្ត Tesla Model S ខ្នាត​តូច​សម្រាប់​ក្មេង

ឡាន​នេះ​លក់​ក្នុង​តម្លៃ​តែ ៦០០​ដុល្លារ​ប៉ុណ្ណោះ។ វា​មាន​ល្បឿន​ ៩,៦​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​មាន​បំពាក់​ប្រព័ន្ធ​ចាក់​តន្ត្រី​ MP3 ភ្លើង​ចង្កៀង​មុខ និង​ស៊ីផ្លេ។

៦. សម្លៀក​បំពាក់​អវកាស​សម្រាប់​ក្មេង

តម្លៃ​ឈុត​សម្លៀក​បំពាក់​ក្មេង​នេះ​លក់​​ចាប់​ពី​តម្លៃ ៤៥​ដុល្លារ​ឡើង​ទៅ ដោយ​មាន​ភ្ជាប់​មក​ស្រាប់​នូវ​ឡូហ្គោ SpaceX សម្រាប់​ក្មេង​​តូច​ៗ​អាយុ​​ដល់ ៥​ឆ្នាំ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;