បាតុករមីយ៉ាន់ម៉ា ឡោមព័ទ្ធកម្ទេចរោងចក្រចិន នៅក្រុងយ៉ង់ហ្គូន
- 2021-03-15 07:13:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាតុករមីយ៉ាន់ម៉ា ឡោមព័ទ្ធកម្ទេចរោងចក្រចិន នៅក្រុងយ៉ង់ហ្គូន
ចន្លោះមិនឃើញ
កម្មករចិនជាច្រើននាក់នៅរោងចក្រក្នុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា បានរងរបួស និងជាប់គាំង ដោយសារត្រូវក្រុមបាតុករមីយ៉ាន់ម៉ា ឡោមព័ទ្ធកម្ទេច។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
ស្ថានទូតចិន បានស្នើសុំរដ្ឋាភិបាលយោធា ដើម្បីធានារក្សាសន្តិសុខឱ្យបានឆាប់រហ័សជាទីបំផុត ដោយលើកឡើងថា វាជាស្ថានភាពដ៏ធ្ងន់ធ្ងរ និងថាពលរដ្ឋចិននៅក្នុងប្រទេសនេះ បានរងការគំរាមកំហែងផងដែរ។
រោងចក្រចិនចំនួន៣ ត្រូវបានរាយការណ៍ថា ត្រូវក្រុមបាតុករដុតបំផ្លាញ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិន បានលើកឡើងថា៖ «ចិនសូមជំរុញឱ្យមីយ៉ាន់ម៉ា ចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់អំពើហិង្សា ដាក់ទោសដល់អ្នកប្រព្រឹត្តស្របតាមច្បាប់ និងសូមធានាដល់សុវត្ថិភាពរបស់ក្រុមហ៊ុនចិន និងអាយុជីវិតរបស់ពលរដ្ឋចិន»។
គួរដឹងថា ក្រុមបាតុករមីយ៉ាន់ម៉ា បានរិះគន់ប្រទេសចិន ដែលមិនបានជួយខ្លួនក្នុងការប្រឆាំងនឹងរដ្ឋាភិបាលយោធា ពោលគឺមិនដូចប្រទេសលោកខាងលិច ដែលតែងតែចាំជួយពួកគេនោះឡើយ។ តែភាគីចិនថា នេះជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា៕