ចេញពី EU មិនបាន​ប៉ុន្មានផង! អង់គ្លេស​សម្តែងឬទ្ធិ​នុយក្លេអ៊ែរ និងយោធាយ៉ាងហំហួន

  • 2021-03-17 03:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ចាកចេញពី EU ជាផ្លូវការ​តាំងពីដើមឆ្នាំ២០២១នេះ ពេលនេះ​អង់គ្លេស​ស្រាប់​តែបញ្ចេញ​មហិច្ឆតា​បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ ឱ្យបាន៤០% ពោលគឺពី ១៨០ ទៅ ២៦០គ្រាប់ សម្រាប់​បំពាក់​នៅលើនាវាមុជទឹក​របស់ខ្លួន ត្រៀមទប់ទល់នឹងការគំរាមកំហែងនានា។ នេះបើតាម​ឯកសារលេចធ្លាយ​កម្រាស់ ១១៤ទំព័រ ត្រូវបានគេផ្សព្វផ្សាយ​កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១។

ទន្ទឹមនឹង​នេះ រដ្ឋាភិបាល​អង់គ្លេស​ក៏នឹងបញ្ជូន​ទ័ព​កាន់តែ​ច្រើន និងកាន់តែយូរ ទៅ​បរទេស ដែលជាផ្នែក​នៃការបង្កើនការចំណាយយោធា ២៤ពាន់លានផោន។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បញ្ជាក់​ថា ជីវិតរបស់​អង់គ្លេស​ ត្រូវបាន​គំរាម​ដោយ​រដ្ឋ ភេរវក និង​ក្រុមបច្ចេកវិទ្យាសាហាវៗមួយចំនួន។ រដ្ឋាភិបាល​ត្រូវតែធ្វើគ្រប់បែបយ៉ាង​ដើម្បីប្រយោជន៍ និងគុណតម្លៃ​ប្រជាជនអង់គ្លេស។

យោងតាម​ឯកសារលេចធ្លាយនោះ ក៏បង្ហាញ​ដែរថា ក្រុមភេរវក នឹង​អាច​វាយប្រហារ​អង់គ្លេស​ដោយ​អាវុធជីវសាស្រ្ត គីមីសាស្រ្ត ឬ នុយក្លេអ៊ែរ នៅត្រឹមឆ្នាំ​២០៣០។

តាមផែនការ អង់គ្លេស​នឹងកែសម្រួល​មូលដ្ឋាន​យោធារបស់ខ្លួន​នៅ​កេនយ៉ា, អូម៉ង់, សិង្ហបុរី, កោះស៊ីប, ហ្គីប្រាតា និងអាល្លឺម៉ង់។

លោកនាយករដ្ឋមន្រ្តី​បាន​បំផុសគំនិតថា ក្រោយចាកចេញ​ពី​ EU គឺ​ជាឱកាស​របស់អង់គ្លេស ក្នុងការបើកទំព័រថ្មី​នៃប្រវត្តិសាស្រ្ត​ខ្លួន។ «ប្រទេសខ្លះ បាន​នឹង​កំពុងនាំមុខ ប៉ុន្តែយើង​ត្រូវមានឆន្ទៈ​ផ្លាស់ប្តូរវិធី​សាស្រ្ត​របស់យើង និង​ត្រៀម​ទប់ទល់​ជាមួយប្រទេសលេចឡើង​ថ្មីៗ​នៅជុំវិញយើង»៕

ប្រភព៖ National Post

អត្ថបទថ្មី
;