ម្ហូប​១៤មុខ ដែល​ស្ដេច​ខ្មែរ​សោយ ត្រូវ​ចារឹក​លើ​ផ្លាក​មាស ទុក​ជា​អាហារ​ពិសេស​ប្រចាំ​ហាង​ល្បី​នៅ​សៀងហៃ

  • 2021-03-19 00:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភោជនីយដ្ឋាន​ពិសេស​ថ្នាក់​ជាតិ លីព័រឡាង (Lu Po Liang) គឺ​ជា​អគារ​ប្រវត្តិសាស្រ្ត​បង្គប់​ទៅ​ដោយ​អនុស្សាវរីយ៍​យ៉ាង​ជ្រាលជ្រៅ នៃ​ព្រះមហាក្សត្រ​ខ្មែរ ព្រោះ​កន្លែង​ដ៏​ល្បី​​នៅ​ទីក្រុង​​សៀងហៃ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៃ​​​ព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ និង​​សម្ដេច​ព្រះ​មហាក្សត្រី​នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ភោជនីយដ្ឋាន​ពិសេស​ថ្នាក់​ជាតិ លីព័រឡាង (Lu Po Liang)
ដំណើរ​ព្រះ​រាជ​ទស្សនកិច្ច​របស់​សម្ដេច​ទាំង​២​ព្រះ​អង្គ នា​គ្រា​នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​១៩៧៣។ ដើម្បី​ជា​កិច្ចស្វាគមន៍​ចំពោះ​ព្រះ​រាជ​ដំណើរទស្សនកិច្ច​ដ៏​ឧត្តុង្គឧត្តម​នា​ពេល​នោះ ថ្នាក់​ដឹក​នាំ​កំពូល​ទីក្រុង​សៀងហៃ បាន​ប្រកាស​ស្វែង​រក និង​ជ្រើសរើស​នូវ​ចុងភៅ​ដ៏​ចំណាន​ៗ​ ដើម្បី​រៀប​ចំ​ថ្វាយ​ជា​ពិសេស​នូវ​ព្រះ​ស្ងោយ​ដ៏​ល្បីៗ​របស់​ទីក្រុង​សៀងហៃ​ថ្វាយ​ ព្រះអង្គ​ទាំង​ទ្វេ ។ ជា​លទ្ធផល​ព្រះ​ស្ងោយ​ចំនួន ១៤​មុខ ត្រូវ​បាន​ចម្អិន​ឡើង​ដោយ​ចុងភៅ​ដ៏​ល្បីល្បាញ​នៃ​ទីក្រុង​សៀហៃ ដើម្បី​ថ្វាយ​ព្រះអង្គ​ទាំង​ទ្វេ​សោយ នៅ​ក្នុង​ឧទ្យានយូ ។ នៅ​វេលា​យប់​ថ្ងៃ​ដដែល​នោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ មាន​ព្រះ​រាជ​ឱង្ការ​ថា «ខ្ញុំ​សង្ឃឹម​ថា​នៅ​ថ្ងៃស្អែក​មុន​ម៉ោង​១០​ព្រឹក សូម​រៀបចំ​មុខ​ម្ហូប​ដដែល​នេះ ក្នុង​មួយ​មុខ​ចំនួន​២​ចាន សម្រាប់​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ»។ នេះ​បាន​ធ្វើឲ្យ​ក្រុម​ចុងភៅ​​ប្រចាំ​ទីក្រុង​សៀងហៃ មាន​សេចក្តី​រំភើប​រីករាយ និង​ត្រេកអរ​យ៉ាង​ខ្លាំង ព្រោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​កម្ពុជា គឺ​សម្តេច​ព្រះ នរោត្តម សីហនុ សព្វ​ព្រះរាជ​ហឫទ័យ​យ៉ាង​ខ្លាំង​ចំពោះ​ស្នាដៃ​ចម្អិន​ម្ហូប​របស់​ពួកគេ។

ព្រឹត្តិការណ៍​​ខាង​លើ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​និទាន​ដ៏​ល្បី​មួយ​សម្រាប់​ភោជនីយដ្ឋាន លីព័រឡាង នៅ​សៀងហៃ ដែល​មាន​ចំណង​ជើង​ថា "ពិធី​ជប់លៀង​តូច​មួយ​នៅ​លើ​ពិភពលោក"។

នៅ​ក្នុង​ពេល​នោះ​ឧទ្យាន​យូ ពុំ​ទាន់​មាន​ភោជនីយដ្ឋាន​ពិសេស​ណា​មួយ​សម្រាប់​បង្អួត​នូវ​រសជាតិ​ដ៏​ពិសេស​នៃ​ម្ហូប​របស់​ទីក្រុង​សៀងហៃ​នោះ​ឡើយ ហើយ​ដើម្បី​ជា​កិច្ច​ងាយស្រួល​សម្រាប់​ការ​រៀបចំ​ថ្វាយ​ព្រះរាជ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ នា​ឱកាស​ក្រោយ​ទៀត ទើប​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ចុងភៅ​មួយ​ក្រុម​ដែល​បាន​ចម្អិន​ព្រះ​ស្ងោយ​ទាំង​១៤​មុខ​នោះ​ថ្វាយ​ព្រះអង្គ បាន​ផ្តួច​ផ្តើម​គ្នា​បង្កើត​ឡើង​នូវ​ភោជនីយដ្ឋាន​ពិសេស​ថ្នាក់​ជាតិ លីព័រឡាង Lu Po Liang នេះ​ឡើង។ ព្រះ​ស្ងោយ​ទាំង​១៤​មុខ​នោះ ត្រូវ​បាន​ចារឹក​លើ​ផ្លាក​ពណ៌​មាស តាំង​បង្ហាញ​ជា​សាធារណៈ​ដែល​ជា​មុខ​ម្ហូប​យ៉ាង​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន។ ចំណែក​ឯ​ព្រះ​បរម​ឆាយាលក្ខណ៍​ទាំង​ឡាយ​នៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ និង​សម្តេច​ព្រះមហាក្សត្រី ព្រះ​វររាជមាតា​ជាតិ​ខ្មែរ ក៏​ត្រូវ​បាន​តាំង​បង្ហាញ​អម​ដោយ​ប្រវត្តិ​សង្ខេប​នៃ​ដើម​កំណើត​ភោជនីយដ្ឋាន​ដ៏​ពិសេស​នេះ និង​បន្ទប់​ដែល​ព្រះអង្គ​ទាំងទ្វេ ស្តេច​យាង​មក​សោយ​ព្រះស្ងោយ​នា​ឆ្នាំ ១៩៧៣ ត្រូវ​បាន​រៀបចំ​ជា​បន្ទប់​ដ៏​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ដែល​ត្រូវ​បាន​ប្រសិទ្ធិនាម​ថា បន្ទប់ «១៩៧៣»៕

មុខម្ហូបព្រះស្ងោយទាំង ១៤មុខ
បន្ទប់ ១៩៧៣
ព្រះឆាយាលក្ខណ៍អនុស្សាវរីយ៍
ព្រះឆាយាលក្ខណ៍អនុស្សាវរីយ៍

ប្រភព៖ Royal du Cambodge

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;