លោក គួច ចំរើន បញ្ជាឱ្យឃុំខ្លួន​សន្តិសុខ​ដែល​រុញកញ្ច្រែងពងទារបស់អ្នកលក់ម្នាក់ ជ្រុះ​បែកខ្ទេចអស់

  • 2021-03-22 02:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាឱ្យឃុំខ្លួន​សន្តិសុខម្នាក់​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ ដែល​បាន​ទារថ្លៃភាស៊ី​លើសសៀវភៅបន្ទុក និង​បំផ្លាញ​ទំនិញរបស់​អាជីវករម្នាក់ ពោលគឺ​បានរុញកន្រ្តកពងទា​បណ្តាលឱ្យជ្រុះបែកខ្ទេចអស់ ដែល​បាន​កើតឡើង​កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១។ ការចេញបញ្ជា​នេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​បន្ទាន់​ទាក់ទងនឹង​ករណីនេះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២១។

លោក គួច ចំរើន បានណែនាំឱ្យ​មានការ​ថតវីដេអូឃ្លីប បង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវីដេអូដែលភាគីទាំងពីរ (សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។

លោក​បញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ ជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ។

លោក​អភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ លោក​អភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;