តោះ! មក​ស្គាល់​ឡាន​អគ្គិសនី​តូច​ច្រឡឹង តម្លៃ​ថោក ដែល​អាច​វ៉ា​ប្រជែង​ឈ្នះ Tesla របស់ Elon Musk

  • 2021-03-22 23:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​និយាយ​ដល់​រថយន្ត​អគ្គិសនី ច្បាស់​ណាស់​រាល់​គ្នា​នឹង​នឹក​ស្រមៃ​ដល់​​ក្រុមហ៊ុន Tesla របស់​មហា​សេដ្ឋី​អាមេរិក Elon Musk ដែល​កំពុង​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​ពាសពេញ​ពិភពលោក​ទៅ​លើ​បច្ចេកវិទ្យា​​​ប្រើប្រាស់​ថាមពល​អគ្គិសនី។ ប៉ុន្តែ​ផ្អែក​លើ​ទិន្នន័យ​ជាក់​ស្ដែង តួ​លេខ​លក់​ចេញ​បាន​ច្រើន​បំផុត​នៃ​រថយន្ត​អគ្គិសនី​មិន​មែន​បាន​ទៅ​លើ​រថយន្ត Tesla នោះ​ទេ តែ​វា​ជា​រថយន្ត​អគ្គិសនី​របស់​ចិន​​ទៅ​វិញ។

រថយន្ត​អគ្គិសនី​ដែល​អាច​លក់​បាន​ច្រើន​បំផុត​លើ​ពិភពលោក​គឺ​ "Wuling Hongguang Mini EV" ឬ​ហៅ​​​​​កាត់​ថា "Wuling"។ Wuling គឺ​ជា​​ឈ្មោះ​រថយន្ត​​អគ្គិសនី​ខ្នាត​តូច​ ដែល​​ស្ថិត​នៅ​ក្រោម​ការ​ផលិត​ដោយ​​ក្រុមហ៊ុន​រដ្ឋ​ចិន SAIC Motor សហការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​អាមេរិក General Motors។ សម្រាប់​២​ខែ​ដើម​ឆ្នាំ​២០២១ រថយន្ត Wuling អាច​លក់​ចេញ​បាន​​ក្នុង​ចំនួន​ជាង ៥៦០០០​គ្រឿង ខណៈ Model 3 ដែល​ជា​រថយន្ត​ពេញ​និយម​របស់ Tesla លក់​បាន​​​ត្រឹម​តែ​ជាង ៤៥០០០​គ្រឿង​ប៉ុណ្ណោះ។

រថយន្ត​នេះ​មាន​តម្លៃ​ថោក​ត្រឹមតែ ៤៥០០​ដុល្លារ​ ហើយ​អាច​រត់​នៅ​ក្នុង​ល្បឿន​អតិបរមា ១០០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង។ រាល់​ការ​សាក​បំពេញ​​​​អគ្គិសនី​ម្ដង Wuling អាច​បើកបរ​ក្នុង​រយៈ​ចម្ងាយ ១៧០​គីឡូម៉ែត្រ។ វា​មាន​ប្រវែង​គម្លាត​កង់ ៧៦,៤​អ៊ីញ (១,៩៤​ម៉ែត្រ) ហើយ​​ប្រវែង​តួ​ខ្លួន​សរុប​គឺ ១១៥​អ៊ីញ (២,៩២​ម៉ែត្រ) ខណៈ​ដែល​ប្រវែង​ទទឹង​ខ្លួន​រថយន្ត​គឺ ៥៩​អ៊ីញ (១,៤៩​ម៉ែត្រ) បូក​រួម​ជាមួយ​កម្ពស់ ៦៤​អ៊ីញ (១,៦២​ម៉ែត្រ)។ រថយន្ត​អគ្គិសនី​ប្រភេទ​កៅអី​៤​នេះ អាច​ផ្ទុក​ទម្ងន់​​រហូត​ដល់​ ៦៦៤​គីឡូក្រាម។

គួរ​រំលឹក​ថា រថយន្ត Wuling Hongguang Mini EV ទើប​ប្រកាស​ចេញ​​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០​កន្លង​ទៅ ប៉ុន្តែ​ការ​លក់​ចេញ​ហាក់​ទទួល​ជោគជ័យ​ខ្លាំង​នៅ​លើ​​ទីផ្សារ។ បច្ចុប្បន្ន រថយន្ត​អគ្គិសនី​ខ្នាត​តូច​នេះ​មាន​លក់​​នៅ​តែ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​តាម​សេចក្ដី​រាយការណ៍​មួយ​ចំនួន បាន​​បង្ហាញ​ថា Wuling អាច​នឹង​វាយលុក​ចូល​ទីផ្សារ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន លើក​លែង​តែ​ទីផ្សារ​សហរដ្ឋ​អាមេរិក៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;