សហគមន៍តំបន់ការពារធម្មជាតិ ៩ទៀតកំពុងរៀបចំស្នើសុំទទួលស្គាល់ពីក្រសួងបរិស្ថាន

  • 2021-03-24 06:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីរួមកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ សហគមន៍តំបន់ការពារធម្មជាតិ ៩ទៀតកំពុងតែរៀបចំនិតិវិធីបង្កើតនិងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថានសម្រាប់ចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា។នេះបើតាមការឱ្យដឹងពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះគឺប្រយោជន៍ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបីឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះបានមានប្រសាសន៍ថា៖ «សហគមន៍តំបន់ការពារធម្មជាតិ ដែលនឹងត្រូវបង្កើតថ្មីចំនួន០៩ ដែលធ្វើឱ្យចំនួនសហគមន៍ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន កើនឡើងដល់១៨៣ សហគមន៍តំបន់ការពារធម្មជាតិ ហើយ ៩សហគមន៍នេះ កំពុងតែរៀបចំដំណើរការនីតិវិធី ដើម្បីស្នើសុំបង្កើត និងទទួលស្គាល់ពីក្រសួងបរិស្ថាន»។

ជុំវិញសហគមន៍ថ្មីដែលគ្រោងបង្កើតនាថ្ងៃខាងមុខនេះ លោក នេត្រភក្ត្រាបានបញ្ជាក់ប្រាប់ថាសហគមន៍ទាំងនេះ រួមមាន៖ សហគមន៍ ភ្នំទ័ពជាង ធ្វើសកម្មភាពនៅឧទ្យានជាតិជួរភ្នំក្រវាញត្បូង, សហគមន៍ ទឹកធ្លាក់ស្រែអំបិល ធ្វើសកម្មភាពនៅដែនជម្រកសត្វភ្នំឱរ៉ាល់, សហគមន៍ ដាតាវីក ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ តាំងយូរ ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ ចាក់អង្រែ ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ ព្រៃទ័ព ធ្វើសកម្មភាពនៅតំបន់ដែនជម្រកសត្វព្រៃព្រះរការ, សហគមន៍ តាទៃលើ ធ្វើសកម្មភាពនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល, សហគមន៍ ឬស្សីជ្រុំ ធ្វើសកម្មភាពនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញត្បូង និងសហគមន៍អូរពុងរូង ធ្វើសកម្មភាពនៅដែនជម្រកសត្វព្រៃកែវសីមា។ គួរបញ្ជាក់ថាបើបូករួមសហគមន៍ ៩ថ្មីបន្ថែមទៀតនាថ្ងៃខាងមុខនេះដែរ គឺសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជាបានកើនដល់ចំនួន ១៨៣ ហើយ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;