​ស្ថាបនិក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ ​នឹង​ដាក់​ AI ​លើ​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​ ​នៅ​ថ្ងៃ​អនាគត​

  • 2021-03-29 00:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់​ពី​​ឆ្លើយឆ្លង​ជាមួយ​នឹង​ក្រុម​ការងារ Sabay ​លោក​ ​ដាញ់ ហុង​ បាន​រំលេច​ឲ្យ​ដឹង​អំពី​គម្រោង​នា​ថ្ងៃ​អនាគត​ចំពោះ​ កម្មវិធី nextspell ​ឬ​ “កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​​​ខ្មែរ” ​ថា​រូប​លោក​នឹង​ប្រឹងប្រែង​អភិវឌ្ឃន៍​កម្មវិធី​មួយ​នេះ​ឲ្យ​កាន់​តែ​ល្អប្រសើរ​ជាង​មុន​ដោយ​បំពាក់​មក​ជាមួយ​នូវ​​បច្ចេកវិទ្យា AI (artificial intelligence)។ ​បច្ចេកវិទ្យា​នេះ​សម្រាប់​ជា​ជំនួយ​​ត្រួត​ពិនិត្យ​ស្វ័យប្រវត្តិ​ ​ដែល​កន្លង​មក​មាន​តែ​​ភាសា​អង់គ្លេស​ ​និង​ភាសា​សាសន៍​ដទៃ​ប៉ុណ្ណោះ​។

ដាញ់ ហុង ស្ថាបនិក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ
​ស្ថាបនិក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដ៏​ជំនាញ​រូប​នេះ​បន្ថែម​ទៀត​ថា ​បច្ចុប្បន្ន​នៅ​ក្នុង​កម្មវិធី​ nextspell ​របស់​លោក​​​អភិវឌ្ឃន៍​ចេញ​ជា​រូបរាង​បាន​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​​បច្ចេកវិទ្យា Khmer brain train ​វា​មាន​មុខងារ​ស្វែង​រក​ពាក្យ​​ខុស​ក្នុង​អត្ថបទ​ភាសាខ្មែរ​ រួច​មក​វា​ព្យាករ​រក​ពាក្យ​ត្រូវ​វិញ។ ​ក្នុង​នោះ​ដំណើរការ​ដ៏​ស្មុគស្មាញ​របស់​វា​គឺ​​​ប្រើ​ភាសាកុំព្យូទ័រ Python library ​មាន​ស្រាប់​ដូចជា​៖ Pyicu, numpy, pandas និង nltk ​បញ្ចូលគ្នា​ដើម្បី​បង្កើត​បាន​ library ​ថ្មី​មួយ​។​

​រំឮក​បន្តិច​ថា​ ​កម្មវិធី​ ​nexspell ​មាន​សមត្ថភាព​ពិសេស​មួយ​គឺ​អាច​កែ​ដោយស្វ័យប្រវត្តិ​ចំពោះ​កំហុស​ដែល​កើត​ឡើង​ញឹកញាប់។ ​nexspell ​ក៏​ជា​វិបសាយ​មួយ​ដាច់​ផ្សេង​​ អ្នក​អាច​ចូល​ទៅ​ប្រើប្រាស់​​ដោយមិន​គិត​ថ្លៃ​ទេ​។ ​

​ដោយឡែក​ ​សំណួរ​ពី​អ្នកគាំទ្រ​ស្នាដៃ​បាន​លើក​ឡើង​ថា​ ​"តើ​លោក​មាន​គម្រោង​អភិវឌ្ឃន៍​ Font Khmer Unicode ​ក្នុង​លក្ខណៈ​ជា​ Open Type ​ឲ្យ​វា​ដំណើការ​គ្រប់​កាលះទេសះ​បាន​ទេ ​ទោះបី​ជា​កម្មវិធី​ផ្សេង​ Support ​ឬ​មិន​ Support ​​ក៏​ដោយ?” ​លោក​បាន​ឆ្លើយ​តប​មក​វិញ​ថា៖ "​ខាង​បច្ចេកទេស​អត់​បញ្ហា​ទេ​ ​តែ​ត្រូវការ​ពេលវេលា​ច្រើន​។ ​បញ្ហា​មួយ​ទៀត​នៅ​ត្រង់​អត់​ទីផ្សារ​ ​អត់​មាន​ចំណូល​សម្រាប់​ការងារ​នេះ​ទេ​គ្រប់​យ៉ាង​គឺ​ស្ម័គ្រចិត្ត​ធ្វើ​​។”

​ទោះបី​ជា​ចំណាយ​ប្រាក់​កាស​ផ្ទាល់​ខ្លួន​និង​កម្លាំង​កាយ​មិន​ខ្លាច​នឿយ​ហត់​ ​ហើយ​ថែម​ទាំង​មិន​ទទួល​បាន​​ចំណូល​មួយ​កាក់​មួយ​សេន​ណា​ក៏​ដោយ​​ ​ឆន្ទះ​ចង់​អភិវឌ្ឍន៍​កម្មវិធី​ខាង​លើ​របស់​លោក​នៅ​តែ​ដដែល​​មិន​រាថយ​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;