ឃើញចាក់វ៉ាក់សាំងបានច្រើនគួរសម! ថ្ងៃនេះ អង់គ្លេសចាប់ផ្តើមដកការរឹតត្បិតបន្ថែមទៀត
- 2021-03-29 07:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញចាក់វ៉ាក់សាំងបានច្រើនគួរសម! ថ្ងៃនេះ អង់គ្លេសចាប់ផ្តើមដកការរឹតត្បិតបន្ថែមទៀត
ចន្លោះមិនឃើញ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង់គ្លេសបានដកការរឹតត្បិតដំណាក់កាលទី២ ពោលគឺអង់គ្លេសបានបញ្ចប់នូវ «ការស្នាក់នៅផ្ទះ» ហើយអនុញ្ញាតឱ្យមានការជួបជុំគ្នាដល់ ៦នាក់ ឬ២គ្រួសារ នៅទីសាធារណៈ ដូចជាសួនច្បារ និងឧទ្យាននានា។
សកម្មភាពកីឡាផ្សេងៗដូចជា តេននីស វាយកូនហ្គោល បាល់បោះ និងហែលទឹក ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើឡើងវិញផងដែរ ដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson លើកឡើងថា វាជាការចាប់ផ្តើមរដូវកាលកីឡារបស់អង់គ្លេស។
សូមរំលឹកថា កាលពីដំណាក់កាលទីមួយ ធ្វើឡើងនៅថ្ងៃទី៨មីនា គឺអនុញ្ញាតឱ្យសិស្សចូលរៀនវិញ។ ការដកការរឹតត្បិតដំណាក់កាលទី៣ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ដោយអង់គ្លេសអនុញ្ញាតឱ្យមានការបើកហាងទូទៅឡើងវិញ ក្នុងនោះក៏មានហាងផឹកស៊ី និងហាងកាត់សក់ និងកែសម្ផស្ស ព្រមទាំងសួនសត្វ សារមន្ទីរ បណ្ណាល័យ ហើយក៏អាចរៀបការបានផងដែរ។ ជារួមអង់គ្លេស នឹងបើកប្រទេសវិញទាំងស្រុងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
លោក Boris Johnson បានទទួលស្គាល់ថា ការបើកប្រទេសឡើងវិញជាបណ្តើរៗនេះមានកត្តាមួយដ៏សំខាន់បំផុតនោះ គឺការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈនៅថ្ងៃចន្ទនេះ អង់គ្លេសបានសម្រេចការចាក់វ៉ាក់សាំងឱ្យប្រជាជនបានប្រមាណ ៣០លានដូស ក្នុងនោះ ៥% នៃប្រជាជនសរុប បានចាក់គ្រប់ ២ដូស និង៤៥% បានចាក់ដូសទីមួយ៕