វីដេអូ១នាទី​ បង្ហាញទិដ្ឋភាព​ស្ពាន​ភ្ជាប់ខេត្ត​កំពង់ចាម-ត្បូងឃ្មុំ

  • 2021-03-30 01:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បញ្ចេញ​វីដេអូខ្លីមួយរយៈពេលជាង ១នាទី បង្ហាញ​អំពី​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១មក។

សូមទស្សនាវីដេអូ៖

ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាមសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺស្ពាន មានសាងសង់រង្វង់មូលមួយកន្លែងនៅត្រើយខាងលិចផងដែរ។

គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារដែលជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោងចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក រយ:ពេលសាងសង់ចំនួន៤២ខែ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន១០០%ហើយ។

គួរកត់សម្គាល់ផងដែរថា ស្ពាននេះនឹងជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;