មកស្គាល់មុខប្រធានក្លឹបបាល់ទាត់ទាំង១៣ក្នុងលីគកំពូលនៅកម្ពុជា

  • 2021-03-31 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបបាល់ទាត់ក្នុងលីគកំពូលកម្ពុជាទាំងអសមាន១៣ក្រុម ដែលកំពុងប្រកួតក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១នេះ ដែលក្នុងនោះមានក្លិបអង្គរថៃហ្គ័រ, សូលទីឡូអង្គរ, ភ្នំពេញក្រោន, ណាហ្គាវើល, វិសាខា, បឹងកេត, អគ្គស្នងការនគរបាលជាតិ, ក្លឹបបាល់ទាត់សមាគមកីឡាបាល់ទាត់ ខ.ភ.ម, គិរិវង្សសុខសែនជ័យ, អគ្គីសនីកម្ពុជា, អាស៊ីអឺរ៉ុប យូណាយធីត, ព្រះខ័នរាជស្វាយរៀង និងក្លឹបខេត្តព្រៃវែងដែលជាក្លឹបទើបតែឡើងមកពីលីគទី២កម្ពុជា។

ទស្សនិកជន ឬមហាជនដែលចូលចិត្តតាមដានការប្រកួតបាល់ទាត់នៅកម្ពុជាភាគច្រើនដឹងច្បាស់ណាស់កីឡាករលេចធ្លោក្នុងក្លឹប គ្រូបង្វឹក និងអ្នកដឹកនាំក្រុមជាដើម តែភាគច្រើន ទស្សនិកជន ឬមហាជន អាចមិននឹងមិនចាប់អារម្មណ៍ពីនរណាជាម្ចាស់ក្លឹបទាំង១៣នោះទេ។ 
 ខាងក្រោមនេះជាឈ្មោះ និងមុខមាត់ពិតរបស់ម្ចាស់ក្លឹបទាំង១៣ក្នុងលីគកំពូលរបស់កម្ពុជា៖

ស្លាកសញ្ញាសំគាល់ក្លិបទាំង១៣នៅក្នុងក្របខណ្ឌលីគបាល់ទាត់កំពូលកម្ពុជា
**១.ក្លឹបបាល់ទាត់ភ្នំពេញក្រោន Phnom Penh Crown FC ៖** ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតឡើងនៅឆ្នាំ២០០១ ។ ឈ្មោះដំបូងរបស់ក្លឹបគឺ Samart United។ នៅឆ្នាំ២០០២ ជាឆ្នាំដំបូងដែលក្លឹបរបស់បានឈ្នះពានរង្វាន់ក្នុងក្របខ័ណ្ឌលីគកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០០៦ ក្លឹបបានផ្លាស់ប្តូរឈ្មោះជាថ្មីម្តងទៀតទៅជា Phnom Penh United ។ នៅឆ្នាំ២០០៧ Phnom Penh United បានរួមរួបគ្នាជាមួយក្លឹបKhmer Empire ហើយបានសម្រេចកែប្រែឈ្មោះទៅជាក្លឹប Phnom Penh Empire។ នៅចុងឆ្នាំ២០០៨ ក្លឹបបានសម្រេចកែប្រែឈ្មោះជាលើកចុងក្រោយរបស់ខ្លួនទៅជា «ក្លឹបបាល់ទាត់ភ្នំពេញក្រោន»រហូតដល់បច្ចុប្បន្ន។ កីឡដ្ឋានរបស់ក្លឹបនេះមានឈ្មោះថា​ RSN អាចផ្ទុកអ្នកទស្សនាបានចំនួន ៦០០០នាក់ បានសាងសង់ឡើងនៅឆ្នាំ ២០១៥។ ប្រធានក្លឹបនេះគឺ លោកឧកញ៉ា ឬទ្ធី សំណាង ដែលជាកូនប្រសាររបស់ឧកញ៉ា កុក អាន ដែលជាមហាសេដ្ឋីជំនួញមួយរូបនៅកម្ពុជា។
ប្រធានក្លឹប លោក ឬទ្ធី សំណាង

២. ក្លឹបបាល់ទាត់ណាហ្គាវើលសដ៍-NAGA WORLD FC៖ គឺជាក្លឹបរបស់ម្ចាស់សណ្ឋាគារ និងកាស៊ីណូ ពីមុនមានឈ្មោះថា «ណាហ្គាខបអេហ្វស៊ី» ក្លឹបនេះបង្កើតឡើងនៅក្នុងឆ្នាំ ២០០១។ ប្រធានក្លឹបបាល់ទាត់ណាហ្គាវើលសដ៍គឺ លោក Chen Yepern ដែលជាកូនប្រុសរបស់មហាសេដ្ឋីលំដាប់ទី៤ នៅម៉ាឡេស៊ី ដែលជាម្ចាស់សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលសដ៍។ លោក Chen Yepern ក៏ជាអគ្គនាយករបស់សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលសដ៍ ផងដែរ។

ប្រធានក្លឹប លោក Chen Yepern

៣.ក្លឹបបាល់ទាត់បឹងកេត-BOEUNG KET FOOTBALL CLUB៖ ក្លឹបនេះដំបូងមានឈ្មោះថា​«ចំការកៅស៊ូបឹងកេត» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។ ធ្លាប់ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១២-២០១៦-២០១៧-២០២០ ឈ្នះពានរង្វាន់ជើងឯកសម្តេចហ៊ុនសែនឆ្នាំ ២០១៩ និងរងជើងឯក Toyota Mekong Club Championship ឆ្នាំ២០១៥។ ប្រធានក្លឹបបាល់ទាត់បឹងកេតគឺជាស្ត្រី គឺលោកស្រី ពុធ ធីតា។

ប្រធានក្លឹប លោកស្រី ពុធ ធីតា

៤.ក្លឹបបាល់ទាត់ វិសាខា-VISAKHA FOODBALL CLUB៖ គឺជាក្លឹបដែលមានម្ចាស់ដែលជាកូនមន្រ្តីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ដែលមានម្ចាស់ក្លឹបលោកស្រី កែ សួនសុភី ភរិយាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ប្រធានក្លឹបស្រ្តីរូបនេះគឺជាកូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងលោកស្រី ម៉ៅ ម៉ាល័យ និងជាកូនប្រសាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប្រធានក្លឹបលោកស្រី កែ សួនសុភី

៥.ក្លឹបបាល់ទាត់អគ្គស្នងការនគរបាលជាតិ-NATIONAL POLICE FOOTBALL CLUB ៖ គឺជាក្លឹបបាល់ទាត់ដែលដឹកនាំដោយលោកផ្កាយ២ ជួន ណារិន្ទ ដែលជាស្នងការនគរបាលខេត្តព្រះសីហនុបច្ចុប្បន្ន។

ប្រធានក្លឹប លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

៦.ក្លឹបបាល់ទាត់សមាគមកីឡាបាល់ទាត់ ខ ភ ម-TIFFY ARMY Football Club៖ ក្លឹបបាល់ទាត់សមាគមកីឡាបាល់ទាត់ ខ ភ ម ឬ TIFFY ARMY Football Club នេះគ្រប់គ្រងដោយក្រសួងការពារជាតិដែលមាន ឧត្ដម​សេនីយ៍​ឯក​ តែ​ម ​មុឺន​ ជានាយកគ្រប់គ្រង ហើយមានវរសេនីយ៍ឯក ខូវ ឆាយ ជានាយករង និងជាអគ្គលេខធិការចេញមុខភាគច្រើន។

លោកឧត្ដម​សេនីយ៍​ឯក​ តែ​ម ​មុឺន

**៧.ក្លឹបបាល់ទាត់គិរិវង្សសុខសែនជ័យ-Kirivong Sok Sen Chey FC៖**ក្លឹបដែលយករូបមាន់ និងយកឈ្មោះស្រុកមួយនៃខេត្តតាកែវនេះគឺជាក្លឹបបាល់ទាត់ដែលមានម្ចាស់ក្លិបឈ្មោះ សុខ ពុទ្ធិវុធ។ លោក សុខ ពុទ្ធិវុធ មានតួនាទីជាប្រធានក្លឹប និងមានតួនាទីជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវជាកូនច្បងរបស់សម្តេចវិបុលបញ្ញា សុខ អានមានភរិយា លោកស្រី ហ៊ុន ម៉ាលី ដែលជាកូនស្រីរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ប្រធានក្លិប លោក សុខ ពុទ្ធិវុធ

៨.ក្លឹបបាល់ទាត់ អគ្គីសនីកម្ពុជា- EDC FC ៖ ជាក្លឹបបាល់ទាត់បង្កើតនៅឆ្នាំ២០១៥ មានកីឡដ្ឋាននៅក្នុងទីស្នាក់ការអគ្គិសនីទួលសង្កែ។ ប្រធានក្លឹបបាល់ទាត់នេះគឺ លោក លី ទីឃា។

ប្រធានក្លឹបលោក លី ទីឃា

៩.ក្លឹបបាល់ទាត់ អង្គរថៃហ្គ័រ-Angkor Tiger Football Club៖ ជាក្លឹបបាត់ទាត់ដែលមានទីតាំងនៅទឹកដីអង្គរសៀមរាប ម្ចាស់ក្លឹបជាជនជាតិជប៉ុន។ ក្លឹបនេះមានចក្ខុវិស័យចង់ក្លាយជាក្លឹបបាល់ទាត់លេខ ១ នៅអាស៊ាន។ ម្ចាស់ក្លឹបបាល់ទាត់ អង្គរថៃហ្គ័រ លោក AKIHIRO KATO ។

ប្រធានក្លឹប លោក AKIHIRO KATO

១០.ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត-Asia Euro United៖ ជាក្លឹបបាល់ទាត់ដែលបង្កើតដំបូងនៅឆ្នាំ២០១៣ មានកីឡដ្ឋានឈ្មោះ AEU Sport Park នៅខេត្តកណ្តាល។ ក្លឹបបាល់ទាត់នេះគឺមានម្ចាស់រួមគ្នាជាមួយនឹងសកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសាលារៀន ខេមអេលីត គឺលោកបណ្ឌិត​ ឌួង​ លាង។

ប្រធានក្លឹប លោក ឌួង លាង

១១.ក្លឹបបាល់ទាត់ សូលទីឡូអង្គរ-SOLTILO ANGKOR FC ៖ ជាក្លឹបបង្កើតនៅឆ្នាំ ២០១៦ មានកីឡដ្ឋាន និងទឹកដីនៅក្នុងខេត្តសៀមរាប។ ម្ចាស់ក្លឹបនេះរូប គឺលោក Keisuke Honda ដែលជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។

ប្រធានក្លឹប លោក Keisuke Honda

១២. ក្លឹបបាល់ទាត់ខេត្តព្រៃវែង-Prey Veng Football Club ៖ ជាក្លឹបម្ចាស់ជើងឯកនៃលីគទី២កម្ពុជា។ ក្លឹបនេះមានកីឡដ្ឋាន និងទឹកដីនៅខេត្តព្រៃវែង ។ ប្រធានក្លឹបបាល់ទាត់ខេត្តព្រៃវែងគឺលោកអភិបាលរងខេត្តព្រៃវែង លោក សួន សុម៉ាលីន និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ប្រធានកិត្តិយស។

ប្រធានក្លឹប៖ លោក សួន សុម៉ាលីន

១៣. ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង-Preah Khan Reach Svay Rieng FC ៖ បង្កើតនៅឆ្នាំ១៩៩៧ មានទឹកដី និងកីឡដ្ឋាននៅខេត្តស្វាយរៀង។ ដំបូងឡើងក្លឹបនេះមានឈ្មោះ «ព្រះខ័នរាជ» រហូតដល់ខែឧសភាឆ្នាំ ២០១៣ ទើបផ្លាស់ឈ្មោះមក «ព្រះខ័នរាជស្វាយរៀងអេហ្វស៊ី»។ ម្ចាស់ក្លឹបនេះ​គឺ លោកអគ្គស្នងការរងនគរបាលជាតិផ្កាយ៣ ឌី វិជ្ជា។

ប្រធានក្លឹបលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា

រូបថត៖ ផេកផ្លូវការក្លឹប និងគេហទំព័រក្លឹប

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;